សាលាខេត្តព្រះសីហនុ ថ្ងៃអង្គារ ១៣ កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសាលាខេត្តព្រះសីហនុ មានបើកកិច្ចប្រជុំរវាងប្រតិភូក្រសួងយុត្តិធម៌ដឹកនាំដោយឯកឧត្តម ប៉ុក ម៉ាន់នី អនុរដ្ឋលេខាធិការក្រសួងយុតិ្តធម៏ ជាមួយលោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ ក្នុងគោលបំណងពិភាក្សាអំពីការរៀបចំពិធីការដុតបំផ្លាញគ្រឿងញៀនខុសច្បាប់នាពេលខាងមុខ។
តាមប្រសាសន៏ឯកឧត្តម ប៉ុក ម៉ាន់នី អនុរដ្ឋលេខាធិការក្រសួងយុតិ្តធម៏ បានអោយដឹងថា សម្តេចក្រឡាហោម ស្នើឱ្យក្រសួងយុត្តិធម៌ជ្រើសរើសខេត្តចំនួនប្រាំ ជាកន្លែងសម្រាប់ដុតបំផ្លាញគ្រឿងញៀន ដោយយោងតាមអនុសាសន៍របស់សម្តេចក្រឡាហោម ក្រសួងយុត្តិធម៌ក៏បានសម្រេចជ្រើសរើសយកខេត្តព្រះសីហនុ ព្រោះកន្លងមកខេត្តព្រះសីហនុធ្វើការដុតបំផ្លាញគ្រឿងញៀន គឺតែងតែធ្វើនៅថ្ងៃទិវាប៉ុណ្ណោះ។
ក្នុងឱកាសនេះដែលលោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍ ថ្លែងអំណរគុណគណៈប្រតិភូដែលបានអញ្ជើញចូលរួមប្រជុំនាថ្ងៃនេះ ចំណែកសមាសភាពដែលត្រូវចូលរួមនាឱកាសនោះមានចំនួន ពីរពាន់នាក់ សម្រាប់ខេត្តព្រះសីហនុ។ ចំពោះទីតាំងសម្រាប់ការដុតបំផ្លាញគ្រឿងញៀននេះ គឺមានតែទីតាំងមួយប៉ុណ្ណោះដែលអាចដុតបំផ្លាញបាននោះគឺតំបន់ក្បាលឆាយ។ បន្ថែមពីលើនេះដែលក្នុងអង្គប្រជុំនេះក៏បានពិភាក្សាអំពីការរៀបចំថវិកា និងកម្លាំង ការរៀបចំសមាសភាពចូលរួមជាដើម។
ក្រោយពីកិច្ចប្រជុំនេះបានបញ្ចប់ឯកឧត្តម ប៉ុក ម៉ាន់នី អនុរដ្ឋលេខាធិការក្រសួងយុតិ្តធម៏ ជាមួយលោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ ព្រមទាំងសមាជិកអង្គប្រជុំចុះពិនិត្យទីកន្លែងត្រៀមប្រារព្ធពិធីដែលស្តិតនៅក្នុងតំបន់ក្បាលឆាយ សង្កាត់លេខ១ ក្រុងព្រះសិហនុ។TR
(រូបភាព និង អត្តបទដោយ៖ ក្រុមគេហទំព័រខេត្តព្រះសីហនុ)