ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃច័ន្ទ ៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រុមការងារចម្រុះរដ្ឋបាលខេត្តព្រះសីហនុ បានចុះបិទដំណើរការអាជីវកម្មលាយបេតុងរបស់ក្រុមហ៊ុន យូញៀនខនក្រីត ហ្វេកធើរី មានទីតាំងស្ថិតនៅក្រុមទី៧ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលបានបង្កការរំខានជាសម្លេង និងបញ្ហាធូលីហ៊ុយ ធ្វើអោយមានការបំពុលបរិយាកាសនៅតំបន់ជុំវិញ និងនាំឲ្យប៉ះពាល់ដល់ផ្លូវដង្ហើមប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន ឃ្លាំងលើយ៉ាងធន់ធ្ងរ ។
ការចុះបិទអាជីវកម្មលាយបេតុងរបស់ក្រុមហ៊ុន យូញៀនខនក្រីត ហ្វេកធើរី យោងតាមលិខិតលេខ ០០៧/២០១៨ហសឃល ចុះថ្ងៃទិី១៩ ខែមករា ឆ្នាំ២០១៨ របស់សាលាបឋមសិក្សា ហ៊ុន សែន ឃ្លាំងលើ , លិខិតលេខ ០០៣/១៨ របក.កសន ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ របស់រដ្ឋបាលក្រុងព្រះសីហនុ និងចំណាររបស់ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ លើកំណត់បង្ហាញរឿងលេខ២៤៦ ។
ក្រុមហ៊ុនយូញៀនខនក្រីត ហ្វេកធើរី មានទីតាំងក្រុមទី៧ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះ សីហនុ បានធ្វើឲ្យប៉ះពាល់ដល់ផ្លូវដង្ហើមប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យហ៊ុន សែន ឃ្លាំងលើ ដែលរស់នៅ និងសិក្សានៅជិំវិញក្រុមហ៊ុនខាងលើ ដូច្នេះដើម្បីបញ្ចៀសរាល់បញ្ហាខាងលើរដ្ឋបាលខេត្តសម្រេចបិទដំណើការអាជីវកម្មលាយបេតុងរបស់ក្រុមហ៊ុន យូញៀនខនក្រិត ហ្វេកធើរី ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះតទៅ ដើម្បីសុខភាពប្រជាពលរដ្ឋ សិស្សានុសិស្ស បរិស្ថានល្អ និងសោភណភាពក្រុង ៕ TR
(រូបភាព និងអត្ថបទដោយ៖ក្រុមគេហទំព័រខេត្តព្រះសីហនុ)