សាលាខេត្តព្រះសីហនុ៖ រសៀលថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់សមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ និងមានការចូលរួមពីតំណាងមន្ទីរ អង្គភាព អាជីវករ ពាណិជ្ជករ ប្រតិបត្តករទូកទេសចរណ៍ជាច្រើនរូបផងដែរ។
លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុមានប្រសាសន៍ឲ្យដឹងថា នឹងប្តេជ្ញាអនុវត្តតាមលក្ខន្តិកៈរបស់សមាគមអោយបានត្រឹមត្រូវនិងខិតខំធ្វើយ៉ាងណាអោយសមាគមនេះមានដំណើរការដោយនិរន្តរភាព។លោក បន្ថែមថាខេត្តព្រះសីហនុ ស្របពេលដែលខេត្តព្រះសីហនុមានកំនើនភ្ញៀវទេសចរមកច្រើននិង មានការអភិវឌ្ឍលឿនផងនោះ
លោកឧញ៉ាបន្តថា នឹងធ្វើអោយប្រតិបត្តករទូកដឹកភ្ញៀវទាំងអស់ដែលបានចូលជាសមាជិកសមាគមនេះត្រូវត្រៀមលក្ខណៈបច្ចេកទេសអូប៊រ ឬទូកដឹកភ្ញៀវឲ្យមានស្តង់ដារនិងមានប្រព័ន្ធការពារសុវត្ថិភាពដូចជាអាវពោង ដោយគិតពីសុវត្ថិភាពជាចម្បងសម្រាប់ភ្ញៀវ ដើម្បីឱ្យភ្ញៀវមានទំនុកចិត្តមកកម្សាន្ត ។
ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា៖ វិស័យដឹកជញ្ជូនទេសចរណ៍ជលយានមានសារៈ សំខាន់ណាស់ ដែលតម្រូវឲ្យខេត្តបង្កើតសមាគមន៍ដឹកជញ្ជូនទេសចរណ៍ជលយាននេះសំរាប់ដឹកជញ្ជូនភ្ញៀវតាមផ្លូវទឹក។ សមាគមនេះបានដើរតួនាទីក្នុងការប្រកួតប្រជែងប្រកបដោយតម្លាភាព ដើម្បីឲ្យសមាគម មានភាពសុខ ដុមរម្យនា រួមចំណែកជាមួយរដ្ឋ និងឯកជនជម្រុញឲ្យវិស័យដឹក ជញ្ជូនភញៀវទេសចរតាមផ្លូវសមុទ្រនៅខេត្តព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។ឯកឧត្តម យន្ត មីន សង្ឃឹមថា វិស័យដឹកជញ្ជូនទេសចរណ៍ជលយាននឹង រួមចំណែករក្សាបាននូវសន្តិសុខ សុវត្ថិភាពសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលទៅលេងកំសាន្តតាមបណ្តាកោះនានាក្នុងខេត្តព្រះសីហនុ ។
ជាមួយគ្នានេះដែរ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ថា៖ ការបង្កើតសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាននៅខេត្តព្រះសីហនុ ដោយមានការចូលរួមទាំងរដ្ឋ និងវិស័យឯកជន មានដូចជាសាលាខេត្ត និងក្រសួង មន្ទីរជំនាញពាក់ព័ន្ធ ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបន្តថា សមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ត្រូវធានាគុណភាពសេវាដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់ខ្លួន អោយគុណភាពល្អ។ ឯកឧត្តម ថោង ខុន ក៏បានថ្លែងអំណរគុណចំពោះការចូលរួមចំណែករបស់បងប្អូនដែលបានផ្ដល់វិភាគទានមួយចំណែកដល់រដ្ឋសម្រាប់ការងារបរិស្ថានការងារសង្គម និងការងារផ្សេងៗនៅលើកោះរបស់យើងសម្រាប់យកមករៀបចំការអភិវឌ្ឍតំបន់កោះរបស់យើងពីមួយថ្ងៃទៅមួយថ្ងៃឲ្យកាន់តែល្អ មានសោភ័ណ្ឌភាព បរិស្ថានល្អ ដើម្បីទាក់ទាញភ្ញៀវអោយទៅលេងតាមបណ្តាកោះកាន់តែច្រើនថែមទៀត៕TR
(ក្រុមគេហទំព័រខេត្ត)