Home / រដ្ឋបាលខេត្ត / កិច្ចប្រជុំពិភាក្សាជាមួយអង្គការជាតិ អន្ដរជាតិ ដែលមានទីស្នាក់ការនៅក្នុងខេត្តព្រះសីហនុ

កិច្ចប្រជុំពិភាក្សាជាមួយអង្គការជាតិ អន្ដរជាតិ ដែលមានទីស្នាក់ការនៅក្នុងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ នៅសាលាខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយអង្គការជាតិ អន្ដរជាតិ និងសមាគមន៍ស្ដីអំពីការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះសមាគមន៍ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្ដរជាតិ ដែលកំពុងធ្វើសកម្មភាព  ដែលមានទីស្នាក់ការកណ្ដាល និងទីស្នាក់ការសាខាតាំងនៅក្នុងខេត្តព្រះសីហនុ ក្រោមអធិបតី ឯកឧត្តម យន្ដ មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មន្ដ្រីតាមមន្ទីរ និងតំណាងតាមអង្គការនានា។

នៅក្នុងការប្រជុំពិភាក្សានោះ បានធ្វើសេចក្ដីរាយការណ៍ដោយសង្ខេបរបស់តំណាងអង្គការជាតិ អន្ដរជាតិ និងសមាគមន៍លើខ្លឹមសារ ឆ្លុះបញ្ជាំងពីស្ថានភាពបច្ចុប្បន្នរបស់អង្គការ ដៃគូសហការណ៍ ប្រភពថវិការ ការដាក់ផែនការទិសដៅនៃគម្រោងនានាដែលនិងកំពុងអភិវឌ្ឍន៍ និងគម្រោងដែលនឹងត្រូវបន្ដអភិវឌ្ឍន៍ បញ្ហាប្រឈម និងដំណោះស្រាយ ការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយអជ្ញាធរ និងមន្ទីរជំនាញ ដែលពាក់ព័ន្ធនានា។ នៅក្នុងនោះ តំណាងតាមអង្គការមិនមែនរដ្ឋាភិបាលបានលើកឡើងពីបញ្ហាមួយចំនួនដូចជា បញ្ហារំលោភបំពានផ្លូវភេទលើកុមារ បញ្ហាគ្រឿងញៀន បណ្ដឹងរបស់រដ្ឋបាលព្រៃឈើជាមួយនិងប្រជាពលរដ្ឋ បញ្ហាការចាក់ដីលុបព្រៃកោងកាងនៅភូមិព្រែកទល់ នៅឃុំទឹកថ្លា បញ្ហាអ្នករត់រ៉ឺម៉ក ម៉ូតូឌុប ជាមួយក្រុមហ៊ុនចិនដែលដើរប្រមូលភ្ញៀវពីបណ្ដាសណ្ឋាគារ និងភោជនីយដ្ឋាននានា ដែលធ្វើឲ្យមុខរបររបស់ពួកគាត់មានភាពលំបាក និងករណីបឹងកង្កែប។

នៅក្នុងបញ្ហានោះ ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា លោកនិងខិតខំប្រឹងប្រែងរកដំណោះស្រាយឲ្យមានភាពរលូន និងជួយសម្របសម្រួលឲ្យរវាងក្រុមហ៊ុននិងសមាគមន៍ដើម្បីធ្វើកិច្ចពិភាក្សារកដំណោះស្រាយដោយសន្ដិវិធី ហើយលោកបានមានប្រសាសន៍ជាចុងក្រោយនៃកិច្ចប្រជុំគឺអ្វីៗទាំងអស់គឺដើម្បីការអភិវឌ្ឍន៍ខេត្តព្រះសីហនុ និងការឯកភាពគ្នារវាងសង្គមស៊ីវិល និងរដ្ឋបាលខេត្ត៕

23-1 23-2 23-3 23-4 23-5 23-6