Home / ព័ត៌មានទូទៅ / លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ចូលរួមជាអធិបតីក្នុងកិច្ចប្រជុំ ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់

លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ចូលរួមជាអធិបតីក្នុងកិច្ចប្រជុំ ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់

ថ្វីត្បិតតែជំងឺគ្រុនចាញ់នៅខេត្តព្រះសីហនុ ស្ថិតក្នុងស្ថានភាពមួយដែលអាចគ្រប់គ្រងបាន ប៉ុន្តែត្រូវមានការយកចិត្តទុកដាក់ខ្ពស់ផងដែរ
នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ នៅមន្ទីរសុខាភិបាលខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានតំណាងឱ្យឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ចូលរួមជាអធិបតីក្នុងកិច្ចប្រជុំ ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងត្រីមាសទី២ ឆ្នាំ២០២២ នៅមន្ទីរសុខាភិបាលខេត្តព្រះសីហនុ។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យមើលវឌ្ឍនៈភាព និងស្ថានភាពនៃជំងឺគ្រុនចាញ់នៅដើមឆ្នាំ២០២២ និងកំណត់សកម្មភាពអនុវត្តបន្តនៅត្រីមាសបន្ទាប់ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់សន្ធំ(Pf) និងគ្រុនចាញ់វីវ៉ាក់(Pv) នៅទូទាំងខេត្តព្រះសីហនុ និងទូទាំងប្រទេសឱ្យបានត្រឹមឆ្នាំ២០២៥ខាងមុខ និងឈានទៅដល់ការទទួលបានវិញ្ញាបនបត្របញ្ជាក់ស្ថានភាពគ្មានជំងឺគ្រុនចាញ់ ដែលចេញដោយអង្គការសុខភាពពិភពលោក (WHO)។
លោក ឡុង ឌីម៉ង់ បានមានប្រសាសន៍ថា ថ្វីត្បិតតែជំងឺគ្រុនចាញ់នៅខេត្តព្រះសីហនុ ស្ថិតក្នុងស្ថានភាពមួយដែលអាចគ្រប់គ្រងបាន ប៉ុន្តែត្រូវមានការយកចិត្តទុកដាក់ខ្ពស់ផងដែរ។ លោកអភិបាលរង ក៏បានឆ្លៀតយកឱកាសនេះ ថ្លែងអំណរគុណទៅដល់ ដៃគូអភិវឌ្ឍ អាជ្ញាធរមូលដ្ឋាន មន្ត្រីសុខាភិបាលខេត្ត និង ជាពិសេសអ្នកស្ម័គ្រចិត្តព្យាបាលជំងឺគ្រុនចាញ់ភូមិ និងចល័តទាំងអស់ ដែលសុទ្ធសឹងជា វីរបុរស (Hero) នៅក្នុងកិច្ចការដ៏មានអត្ថន័យមួយនេះ។