Home / ព័ត៌មានទូទៅ / លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ តំណាងរដ្ឋបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមជាវាគ្មិននៅក្នុង«សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីការទូតសេដ្ឋកិច្ចក្នុងគន្លងប្រក្រតីភាពថ្មី »

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ តំណាងរដ្ឋបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមជាវាគ្មិននៅក្នុង«សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីការទូតសេដ្ឋកិច្ចក្នុងគន្លងប្រក្រតីភាពថ្មី »

ថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ តំណាងរដ្ឋបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមជាវាគ្មិននៅក្នុង«សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីការទូតសេដ្ឋកិច្ចក្នុងគន្លងប្រក្រតីភាពថ្មី » ដែលបានរៀបចំឡើងដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធ ស្ថានតំណាងកម្ពុជានៅបរទេស និងវិស័យឯកជន នៅសណ្ឋាគារ Hyatt Regency Phnom Penh។

សិក្ខាសាលារយៈពេលពេញ១ថ្ងៃ នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងប្រមូលធាតុចូល សំខាន់ៗ ដើម្បីចងក្រងជាឯកសារយុទ្ធសាស្ត្រក្នុងការអនុវត្តកិច្ចការការទូតសេដ្ឋកិច្ច ឱ្យកាន់តែមានប្រសិទ្ធភាព និងបើកឱកាសឲ្យវិនិយោគិន ក៏ដូចជាភាគីពាក់ព័ន្ធស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពី កាលានុវត្តភាព បញ្ហាប្រឈម និងដំណោះស្រាយ នៅក្នុងបរិបទក្នុង និងក្រោយវិបត្តិកូវីដ-១៩។
ក្នុងនាមជាវាគ្មិន និងជាអាជ្ញាធរមូលដ្ឋាន( រដ្ឋបាលថ្នាក់ក្រោមជាតិ) លោក ឡុង ឌីម៉ង់ បានផ្សព្វផ្សាយអំពីសក្តានុពលសំខាន់ៗរបស់ខេត្តព្រះសីហនុ ជាពិសេស វិស័យសេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ និងឧស្សាហកម្ម ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស និងគោលនយោបាយអភិវឌ្ឍន៍ប្រកបដោយភាពប្រទាក់ក្រឡាគ្នារវាងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រនិងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការការរស់នៅជាមួយកូវីដ១៩ និងផែនការអភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
នៅក្នុងបទអន្តរាគមន៍នេះផងដែរ លោកអភិបាលរង ក៏បានផ្តល់នូវព័ត៌មាន និងធ្វើបច្ចុប្បន្នភាពនៃការកសាងហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលថ្មីៗរបស់ខេត្ត ជូន អង្គសិក្ខាសាលាដើម្បីជាមូលដ្ឋានសម្រាប់ស្ថានតំណាងកម្ពុជានៅបរទេសក្នុងការទាក់ទាញវិនិយោគិនបរទេសមកវិនិយោគនៅកម្ពុជានិយាយជារួម និងដោយឡែកសម្រាប់ខេត្តព្រះសីហនុ។