Home / ព័ត៌មានទូទៅ / ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមសម្ព័ន្ធសេដ្ឋកិច្ច និងរ៉ឺម៉កសន្តិភាព

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមសម្ព័ន្ធសេដ្ឋកិច្ច និងរ៉ឺម៉កសន្តិភាព

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមសម្ព័ន្ធសេដ្ឋកិច្ច និងរ៉ឺម៉កសន្តិភាព និងក្រុមសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា នៅខេត្តព្រះសីហនុ ចំនួន៩៣៣នាក់ ។

មានប្រសាសន៍ក្នុងពិធីសំណេះសំណាល ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាកសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារចុះជួយខេត្តព្រះសីហនុ ជូនចំពោះសមាជិកក្រុមសម្ព័ន្ធសេដ្ឋកិច្ច និងរ៉ឺម៉កសន្តិភាព និងក្រុមសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជាទាំងអស់ ដែលមានវត្តមានក្នុងថ្ងៃនេះ និងជូនពរឱ្យបងប្អូនរកទទួលទានមានបានទាំងអស់គ្នា ទន្ទឹមនឹងនេះ យើងក៏ត្រូវចូលរួមការពារសន្តិភាព ដើម្បីបង្កើតមុខរបររបស់យើងបន្ថែមទៀត។ ឯកឧត្ដមបានមានប្រសាសន៍បន្តថា ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ សូមថ្លែងការកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះប្រធានក្រុមសម្ព័ន្ធសេដ្ឋកិច្ច និងរ៉ឺម៉កសន្តិភាព និងក្រុមសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា នៅខេត្តព្រះសីហនុ ដែលបានគ្រប់គ្រង និងរៀបចំចាត់ចែងឱ្យមានការជួបជុំដើម្បីយើងមានឱកាសធ្វើពិធីសំណេះសំណាលក្នុងថ្ងៃនេះ។
ឯកឧត្តមអភិបាលខេត្តបន្ថែមថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំរំដោះប្រទេសជាតិឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនមកដល់បច្ចុប្បន្ននេះ ព្រមទាំងបានបង្កើតការងារជូនបងប្អូន ពិសេសយុវជនរបស់យើង ឱ្យមានការងារបង្កើនចំណូល កាត់បន្ថយភាពក្រីក្រនៅក្នុងគ្រួសារ និងសង្គមជាតិ។ ជាក់ស្ដែងនៅខេត្តព្រះសីហនុ សម្ដេចតេជោបានធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ បន្ទប់ទឹកសាធារណៈ អាងប្រព្រឹត្តកម្មទឹកកខ្វក់ និងសមិទ្ធផលជាច្រើន ប្រកបដោយសោភ័ណភាព និងបរិស្ថានល្អ។ ហើយការអភិវឌ្ឍទាំងនេះ គឺជួយបង្កើតការងារជូនយុវជនយើងកាន់តែច្រើនបន្ថែមទៀត និងបង្កើតផលរបរជូនប្រជាពលរដ្ឋ ព្រមទាំងផ្តល់ឱកាសឱ្យបងប្អូនប្រកបមុខរបរម៉ូតូឌុប ម៉ូតូកង់បីផងដែរ។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរដល់បងប្អូនរត់ម៉ូតូឌុប និងម៉ូតូកង់បីទាំងអស់ សូមជួយរាយការណ៍ករណីប្រទះឃើញមុខសញ្ញាចោរឆក់ ចោរលួចតាមដងផ្លូវ និងទីសាធារណៈ តាមរយៈលេខទូរស័ព្ទ Hot Line របស់នគរបាល ០៣១ ៣៧ ៤៩ ៨៤៨/០៩៧ ៧៧ ៨០ ០០៨ ដើម្បីសមត្ថកិច្ចចេញអន្តរាគមន៍ទាន់ពេលវេលា គឺមានតែយើងចូលរួមទាំងអស់គ្នា ដើម្បីឱ្យខេត្តយើង ក្រុងយើងគ្មានអំពើលួចឆក់។ ជាមួយគ្នានេះឯកឧត្តម អភិបាលខេត្ត ក៏បានអំនាវពាវដល់បងប្អូនរត់ម៉ូតូឌុប និងម៉ូតូកង់បីទាំងអស់ ករណីភ្ញៀវមានការជ្រុះរបស់នៅលើម៉ូតូរបស់ខ្លួន សូមជួយប្រគល់ជូនម្ចាស់គេវិញផង ដែលទង្វើនេះគឺបានស្តែងចេញពីគុណធម៌ និងគុណតម្លៃរបស់បងប្អូន ព្រមទាំងបានផ្តល់នូវទំនុកចិត្ត និងភាពកក់ក្ដៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តនៅខេត្តរបស់យើងកាន់តែច្រើនឡើង ហើយបងប្អូនក៏អាចរកចំណូលបានពីមុខរបរនេះ កាន់តែយូរអង្វែងផងដែរ។ ឯកឧត្តម ក៏បានបញ្ជាក់បន្ថែមថានៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ គឺមានការរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដូច្នេះសូមឱ្យបងប្អូនអ្នកប្រកបមុខរបរម៉ូតូឌុប ម៉ូតូកង់បី និងក្រុមគ្រួសារទាំងអស់ អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។ ជាចុងក្រោយឯកឧត្ដមអភិបាលខេត្ត ក៏បានឧបត្ថម្ភជូនដល់សមាជិកសមាគមសរុបទាំង ៩៣៣នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ២០,០០០រៀលផងដែរ៕