Home / ព័ត៌មានទូទៅ / ពិធីសំណេះសំណាលជាមួយអាចារ្យ គណៈកម្មការវត្តទូទាំងខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន

ពិធីសំណេះសំណាលជាមួយអាចារ្យ គណៈកម្មការវត្តទូទាំងខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន

រសៀលថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ពិធីសំណេះសំណាលជាមួយអាចារ្យ គណៈកម្មការវត្តទូទាំងខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ស្វាគមន៍លោកអាចារ្យ គណៈកម្មការវត្ត ដែលបានចូលរួមនាពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្សកម្ពុជាបានធ្វើការបោះឆ្នោត ៥ឆ្នាំម្តង ចាប់ពីឆ្នាំ១៩៩៣មក ក្នុងពេលបោះឆ្នោតម្តងៗ យើងបានធ្វើការបូកសរុបសមិទ្ធផលដែលយើងសម្រេចបានរយ:ពេល៥ឆ្នាំ។ ម្យ៉ាងទៀតការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គ្រប់ប្រទេសបានស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន ដោយឡែកសម្រាប់កម្ពុជាយើងជ្រើសរើសវិធានការជាច្រើនមានដូចជាការបិទខ្ទប់ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ បង្កគ្រោះថ្នាក់ធំធេងដល់សុខភាពសាធារណ:ប្រជាពលរដ្ឋ។ កម្ពុជាគ្រប់គ្រងបាននូវជំងឺកូវីដ ធ្វើការបើកប្រទេសឡើងវិញ ដោយសារយុទ្ធសាស្ត្រ និងគោលនយោបាយចាក់ស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋបានជាង ៩៨ភាគរយ នេះជាមោទនភាព និងជាជោគជ័យរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងវិបត្ដិនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ បានកសាងម៉ាស៊ីនផលិតអ៊ុកស៊ីសែន កសាងមន្ទីរពិសោធន៍ កសាងអគារតេជោព្យាបាលជំងឺកូវីដ-១៩។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បានកោតសរសើរក្រុមប្រឹក្សាឃុំ សង្កាត់ អាជ្ញាធរមូលដ្ឋានបានចូលរួមគ្រប់សកម្មភាពក្នុងការទប់ស្កាត់ជំងឺកូវីដ ដើម្បីបុព្វហេតុសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដូច្នេះលោកអាចារ្យ គណៈកម្មការវត្តបន្តការគាំទ្រមេឃុំ ចៅសង្កាត់របស់យើងបន្តទៅមុខទៀត ដើម្បីឱ្យពួកគាត់មានលទ្ធភាពបំរើសេវាសាធារណៈ និងអភិវឌ្ឍមូលដ្ឋានមានការរីកចម្រើនបន្តទៀត។ រាជរដ្ឋាភិបាលមានគោលនយោបាយគាំពារសង្គមជូនដល់ប្រជាពលរដ្ឋក្រីក្រក្នុងអំឡុងកូវីដ-១៩ ផ្តល់អាទិភាពចំពោះស្ត្រីមានផ្ទៃពោះទៅពិនិត្យផ្ទៃពោះទទួលបានលុយពេលឆ្លងទន្លេក៏បានទទួលថវិកា។ ចំពោះស្ត្រីចាប់ពីមានផ្ទៃពោះរហូតកូនអាយុពីរឆ្នាំរដ្ឋជួយឧបត្ថម្ភថវិកាសរុបជិត ៨០ម៉ឺនរៀល។
ឯកឧត្តម អភិបាលខេត្តបញ្ជាក់ថា កត្តាសន្តិភាពធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរបន្ថែមទៀត និងដោះស្រាយបញ្ហាប្រឈមក្នុងគ្រួសារ និងសង្គមកាន់តែល្អ នេះជាសមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបានជាបន្តបន្ទាប់ ពិសេសខេត្តព្រះសីហនុ មានការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ បន្ទប់ទឹកសាធារណៈ លំហឆ្នេរសមុទ្រ រូបសំណាក និងសមិទ្ធផលជាច្រើនផ្សេងទៀត ម្យ៉ាងទៀតខេត្តព្រះសីហនុជាគោលដៅទេសចរណ៍ ប្រជាពលរដ្ឋមានឱកាសបង្កើតមុខរបរបង្កើនជីវភាពគ្រួសារកាន់តែល្អបន្ថែមទៀត៕