Home / ព័ត៌មានទូទៅ / លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ និង លោក Razeb chowdhury ដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ស្ថាបត្យកម្មបច្ចេកទេស និងក្របខណ្ឌអន្តរប្រតិបត្តិការទីក្រុងឆ្លាតវៃ

លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ និង លោក Razeb chowdhury ដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ស្ថាបត្យកម្មបច្ចេកទេស និងក្របខណ្ឌអន្តរប្រតិបត្តិការទីក្រុងឆ្លាតវៃ

រសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារទីក្រុងឆ្លាតវៃក្រុងព្រះសីហនុ លោក Razeb chowdhury ទីប្រឹក្សាគោលនយោបាយ នៃកម្មវិធីស្រ៊ីអាយ (3i) ដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ស្ថាបត្យកម្មបច្ចេកទេស និងក្របខណ្ឌអន្តរប្រតិបត្តិការទីក្រុងឆ្លាតវៃ ដោយមានការចូលរួមពីលោក លោកស្រី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត ស្ថិតក្នុងសណ្ឋាគារឯករាជ្យ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

លោក គង់ វិតាណៈ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារទីក្រុងឆ្លាតវៃក្រុងព្រះសីហនុ បានមានប្រសាសន៍ក្នុងកិច្ចប្រជុំពិភាក្សាពីគ្រោះយោបល់ លើការរៀបចំក្របខណ្ឌប្រព័ន្ធឌីជីថល សម្រាប់ការផ្តល់សេវារដ្ឋបាលសាធារណៈ របស់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីឱ្យប្រែក្លាយទៅជាក្រុងឆ្លាតវៃ ដែលជាខេត្តមានសក្តានុពលយ៉ាងធំធេង បានរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិរួមមានវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្ម ដែលមានកំពង់ផែសមុទ្រទឹកជ្រៅជាងគេបំផុតក្នុងប្រទេសកម្ពុជា ក៏ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកនិងប្រកាសប្រែក្លាយខេត្តព្រះសីហនុទៅជា“តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង”ស្របតាមគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ក្រោមការសម្របសម្រួលពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាខេត្តតំបន់សេដ្ឋកិច្ចគំរូពហុបំណង បច្ចុប្បន្នក្រុមការងារក៏កំពុងធ្វើការសិក្សាប្រមូលទិន្នន័យរៀបចំនូវគោលបំណងគោលដៅ និងផែនការសកម្មភាព សម្រាប់ការរៀបចំផែនការមេ ដោយក្នុងចក្ខុវិស័យឆ្នាំ២០៣០ គឺរៀបចំនិងអភិវឌ្ឍ«ខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាព នៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការអភិវឌ្ឍទីក្រុងទំនើប រមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ច្រកចេញ ចូលអន្តរជាតិ មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ ដោយមានទំនាក់ទំនង ជាមួយទីផ្សារអាស៊ាន និងទីផ្សារសកលលោក និងជាមជ្ឈមណ្ឌលឧស្សាហកម្ម ផលិតកម្មបែបបច្ចេកវិទ្យាទំនើប ដែលមានសុខដុមនីយកម្មជាមួយនឹងបរិស្ថានរស់នៅល្អប្រសើរ»។
ក្នុងនោះផងដែរលោក គង់ វិតាណៈ អភិបាលរងខេត្តបានថ្លែងអំណរគុណ(3i)ដែលបានខិតខំចូលរួមដើម្បីការអភិវឌ្ឍក្រុងព្រះសីហនុ ដែលរាជរដ្ឋាភិបាលបានកំណត់ទឹកប្រាក់ក្នុងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក៏ដូចជាការគៀងគររកអ្នកវិនិយោគផ្សេងៗដើម្បីធ្វើការវិនិយោគក្នុងខេត្តព្រះសីហនុ ជាមួយគ្នានោះលោក គង់ វិតាណៈ អភិបាលរងខេត្ត សង្ឃឹមថាក្រុងព្រះសីហនុ និងប្រែក្លាយជាទីក្រុងឆ្លាតវៃ ព្រមទាំងអាចប្រកួតប្រជែងជាមួយទីក្រុងផ្សេងៗទៀត ដោយកិច្ចការទាំងអស់នេះគ្រប់មន្ទីរអង្គភាពពាក់ព័ន្ធត្រូវចូលរួមជាមួយក្រុមការងារស្រ៊ីអាយ(3i) ដើម្បីប្រមូលធាតុចូល និងព័ត៌មានពាក់ព័ន្ធ ពីលោក លោកស្រី មកពីបណ្តាមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត និងរដ្ឋបាលក្រុងព្រះសីហនុ សម្រាប់គម្រោងសិក្សាគម្រោងទី១ ការបង្កើតស្ថាបត្យកម្មបច្ចេកទេសទីក្រុងឆ្លាតវៃ ឬយើងអាចហៅបានថាជាក្របខណ្ឌប្រព័ន្ធឌីជីថល សម្រាប់ការផ្តល់សេវារដ្ឋបាលសាធារណៈ របស់រដ្ឋបាលខេត្តព្រះសីហនុ ដូច្នេះសូមចូលរួមដោយយកចិត្តទុកដាក់ ស្តាប់បទបង្ហាញពីអ្នកជំនាញទីក្រុងឆ្លាតវៃជាសកល ដើម្បីចូលរួមផ្តល់មតិយោបល់ ផ្តល់ព័ត៌មានសំខាន់ៗ និងលើកជាអនុសាសន៍ សម្រាប់រួមចំណែកដល់ការរៀបចំឯកសារក្របខណ្ឌនេះ កាន់តែទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ សូមបញ្ជាក់ផងដែរថាការប្រមូលធាតុចូលនេះទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធរួមទាំងផ្នែករដ្ឋាភិបាលធុរកិច្ច និងប្រជាពលរដ្ឋក្នុងខេត្ត ដើម្បីទីក្រុងព្រះសីហនុរបស់យើងប្រែក្លាយជាទីក្រុងឆ្លាតវៃ ហើយទីក្រុងឆ្លាតវៃគឺជាការប្រើប្រាស់បច្ចេកវិទ្យាបម្រើឱ្យជីវភាពរស់នៅ ក៏ដូចជាបំពេញការងារទៅតាមអង្គភាពនីមួយៗ។
ឆ្លៀតក្នុងឱកាសនោះផងដែរលោក Razeb chowdhury ទីប្រឹក្សាគោលនយោបាយ នៃកម្មវិធីស្រ៊ីអាយ(3i)បានធ្វើបទបង្ហាញស្ដីពីកម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធស្រ៊ីអាយ(3i)ដែលជាកម្មវិធីជំនួយឥតសំណងរបស់ក្រសួងកិច្ចការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី(DFAT)បាននិងកំពុងជួយដល់រាជរដ្ឋាភិបាលកម្ពុជាយ៉ាងសកម្ម ក្នុងរយៈពេល ៦ឆ្នាំកន្លងមកនេះ ក្នុងការបំពេញចន្លោះខ្វះខាតក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ហើយកម្មវិធីស្រ៊ីអាយ(3i)បាននិងកំពុងសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីបង្កើតយុទ្ធសាស្ត្រទីក្រុងឆ្លាតវៃ ក្នុងគោលបំណងបង្កើនល្បឿនប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងការរៀបចំផែនការផ្តល់សេវាសាធារណៈ និងហេដ្ឋរចនាសម្ពន្ធ័ក្រុង តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ឱ្យប្រែក្លាយទៅជាទីក្រុងឆ្លាតវៃ និងអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន និងនិរន្តរភាព។
លោក Razeb chowdhury ទីប្រឹក្សាគោលនយោបាយ នៃកម្មវិធីស្រ៊ីអាយ(3i)បានបន្តទៀតថាយុទ្ធសាស្ត្រនេះ នឹងបង្ហាញនូវអាទិភាព គោលការណ៍ និងសកម្មភាពសំខាន់ៗសម្រាប់ជម្រុញការចូលរួមគៀងគរហិរញ្ញប្បទានពីវិស័យឯកជន ដោយក្នុងនោះយុទ្ធសាស្ត្រត្រូវមានការបំពេញបន្ថែមស្ថាបត្យកម្មបច្ចេកទេស ដែលជាមាគារបង្ហាញផ្លូវពីការរចនា និងអនុវត្តគម្រោងឌីជីថលផ្សេងៗ បច្ចុប្បន្នកម្មវិធីស្រ៊ីអាយ(3i) បាននិងកំពុងអនុវត្តគម្រោងសិក្សាចំនួនទាំងពីរ ដែលទទួលបានការយល់ព្រម និងសហការពីរដ្ឋបាលខេត្ត មានដូចខាងក្រោម៖
គម្រោងសិក្សាទី១.គឺសិក្សាបង្កើតស្ថាបត្យកម្មបច្ចេកទេស និងក្របខណ្ឌអន្តរប្រតិបត្តិការទីក្រុងឆ្លាតវៃគម្រោងសិក្សាពីស្តង់ដារ និងតម្រូវការប្រព័ន្ធឌីជីថល ដើម្បីអនុវត្តយុទ្ធសាស្ត្រទីក្រុងឆ្លាតវៃទាំងមូលរបស់ខេត្តព្រះសីហនុ ហើយការសិក្សានឹងបង្ហាញគំនូសបំព្រួញនៃ ប្រព័ន្ធឌីជីថលសំខាន់ៗរបស់ខេត្ត-ក្រុង និងរបៀបដែលប្រព័ន្ធទាំងនោះអន្តរប្រតិបត្តិការជាមួយគ្នា ព្រមទាំងយុទ្ធសាស្ត្រគ្រប់គ្រងទិន្នន័យដែលជាស្តង់ដារសំខាន់សម្រាប់កំណត់ការបង្កើតកម្មវិធីសូហ្វែ(SOFTWARE)ផ្សេងៗ និងសម្រាប់ការធ្វើលទ្ធកម្មជ្រើសរើសក្រុមហ៊ុនដែលមានគុណវឌ្ឍន៍។
គម្រោងសិក្សាទី២.សិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងសាកល្បងចំណតទីក្រុងឆ្លាតវៃគម្រោងសិក្សាលម្អិតលទ្ធភាពបច្ចេកទេស លទ្ធភាពហិរញ្ញវត្ថុ ក្នុងការទាក់ទាញវិស័យឯកជនក្នុងការវិនិយោគ និងប្រតិបត្តិប្រព័ន្ធចំណតទីក្រុងឆ្លាតវៃ ការសិក្សាកំណត់នូវគំរូបច្ចេកទេស ដែលឆ្លើយតបទៅនឹងស្តង់ដាកំណត់ដោយស្ថាបត្យកម្មបច្ចេកទេស គំរូពាណិជ្ជកម្ម និងគំរូភាពជាដៃគូរ រដ្ឋ-ឯកជន ដែលសមស្រប ដើម្បីបង្កើនអត្ថប្រយោជន៍សាធារណៈជាអតិបរមា ស្របពេលធានានូវផលចំណេញសមរម្យសម្រាប់អ្នកវិនិយោគ រឺប្រតិបត្តិករ៕