Home / ព័ត៌មានទូទៅ / ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យលោកជំទាវ Teo Lay Cheng ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យលោកជំទាវ Teo Lay Cheng ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

រសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យលោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសឹង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍វត្តមានលោកជំទាវ និងសហការីមកធ្វើទស្សនកិច្ចខេត្តព្រះសីហនុ ព្រមទាំងជម្រាបជូនពីភូមិសាស្ត្រខេត្តព្រះសីហនុ មានក្រុង២ ស្រុក ៣ មានកោះ៣២ ឆ្នេរប្រវែង ១៧៥គីឡូម៉ែត្រ។ ក្រោយពីកម្ពុជាទទួលបានឯករាជ្យ សម្តេចព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” បានរៀបចំបង្កើតខេត្តព្រះសីហនុ ដែលមានសក្តានុពលសេដ្ឋកិច្ច បានចាប់ផ្តើមកសាងសង់ផ្លូវជាតិលេខ៤ និងបន្តសាងសង់កំពង់ផែក្រុងព្រះសីហនុ ដែលមានសារៈសំខាន់ក្នុងការដឹកជញ្ជូនទំនិញចេញ-ចូលប្រមាណ ៧០ភាគរយ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ បច្ចុប្បន្នរាជរដ្ឋាភិបាលបានសហការជាមួយរដ្ឋាភិបាលជប៉ុន JICA សាងសង់ពង្រីកកំពង់ផែក្រុងព្រះសីហនុជំហានទី១ អាចឱ្យនាវាមានជំរៅទឹក ១៣,៥០ម៉ែត្រ ចូលចតបាននៅឆ្នាំ២០២៥ និងបន្តពង្រឹងបន្ថែមដល់ឆ្នាំ២០២៩ អាចឱ្យនាវាមានជំរៅទឹក ១៥ម៉ែត្រ ចូលចតបាន ហើយនាវានៅលើពិភពលោក ៩៧ភាគរយ ចូលចតបានធ្វើឱ្យតម្លៃដឹកជញ្ជូនតាមផ្លូវទឹកមានការថយចុះប្រកួតប្រជែងប្រទេសក្នុងតំបន់។ ខេត្តមានព្រលានយន្តហោះអន្តរជាតិ ដែលមានផ្លូវរត់ប្រវែង ៣,៤០០ម៉ែត្រ បច្ចុប្បន្នកំពុងបន្តសាងសង់ស្ថានីយចេញដំណើរ។ ខេត្តមានផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញមកកាន់ខេត្តព្រះសីហនុ គ្រោងនឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២២ខាងមុខនេះ គាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ។
ឯកឧត្តម អភិបាលបានបន្តថា រាជរដ្ឋាភិបាលបានទម្លាក់កញ្ចប់ថវិកាក្នុងការកែលម្អជាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុងព្រះសីហនុចំនួន ៣៧ខ្សែ ដឹកនាំដោយឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិ អភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា។ ផ្អែកតាមផែនការមេ រាជរដ្ឋាភិបាល បានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាតារារះនាទិសនារតី។
ឯកឧត្តម អភិបាលខេត្តបានបន្តថា នៅខេត្តព្រះសីហនុមានជនជាតិសឹង្ហបុរីបានមកធ្វើការវិនិយោគលើផ្នែកអចលន:ទ្រព្យ និងទេសចរណ៍ និងស្នើសុំឱ្យលោកជំទាវឯកអគ្គរដ្ឋទូតសឹង្ហបុរី ជួយផ្សព្វផ្សាយពីសក្តានុពលរបស់ខេត្តព្រះសីហនុ ដល់ប្រជាពលរដ្ឋសឹង្ហបុរី និងជម្រុញអ្នកវិនិយោគប្រទេសសឹង្ហបុរីមកធ្វើការវិនិយោគនៅខេត្តព្រះសីហនុកាន់តែច្រើនបន្ថែមទៀត។
លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសឹង្ហបុរី បានថ្លែងអំណរគុណឯកឧត្តមអភិបាលខេត្ត ដែលឱ្យលោកជំទាវ និងសហការីចូលជួបពិភាក្សាការងារ ហើយក៏ជាលើកទីពីរដែលលោកជំទាវបានមកកាន់ខេត្តព្រះសីហនុគឺលើកទី១ បានចូលរួមកិច្ចប្រជុំវេទិការទេសចរណ៍អាស៊ានកាលពីខែមករា ឆ្នាំ២០២២កន្លងមក ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានបន្ធូបន្ថយនៃការរឹតបណ្តឹងវិបត្តិកូវីដ-១៩ ធ្វើឱ្យមានទំនុកចិត្តក្នុងតំបន់។
លោកជំទាវបន្តថា ការមកទស្សនកិច្ចនាពេលនេះ លោកជំទាវក៏បានទៅទស្សនារូបសំណាក “ព្រះថោងនាងនាគ” មានលក្ខណៈស្អាតជាស្នាដៃខ្មែរ ក្រោមការដឹកនាំរបស់ឯកឧត្តមអភិបាលខេត្ត មានការអភិវឌ្ឍរីកចម្រើននូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន ហើយលោកជំទាវក៏ចង់ឃើញការអភិវឌ្ឍថ្មីៗបន្ថែមទៀតមានដូចជាកំពង់ផែ ផ្លូវល្បឿនលឿន ក្នុងអាណត្តិរបស់លោកជំទាវជាឯកអគ្គរដ្ឋទូតសឹង្ហបុរីប្រចាំកម្ពុជា និងគម្រោងជាច្រើនផ្សេងទៀតធ្វើឱ្យទីក្រុងនេះ ក្លាយជាទីក្រុងឆ្លាតវៃ និងជាមជ្ឍមណ្ឌលហិរញ្ញវត្ថុ។ ក្នុងនាមខេត្តព្រះសីហនុ ជាខេត្តប៉ូលសេដ្ឋកិច្ចរបស់កម្ពុជា ដែលមានរាជធានីភ្នំពេញ សៀមរាប ៕