Home / ព័ត៌មានទូទៅ / ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញបើកយុទ្ធនាការផ្សព្វផ្សាយទីក្រុងស្អាត ឆ្នេរស្អាត ដើម្បីលើកកម្ពស់សណ្តាប់ធ្នាប់បរិស្ថាន និងអនាម័យសាធារណៈ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញបើកយុទ្ធនាការផ្សព្វផ្សាយទីក្រុងស្អាត ឆ្នេរស្អាត ដើម្បីលើកកម្ពស់សណ្តាប់ធ្នាប់បរិស្ថាន និងអនាម័យសាធារណៈ

នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញបើកយុទ្ធនាការផ្សព្វផ្សាយទីក្រុងស្អាត ឆ្នេរស្អាត ដើម្បីលើកកម្ពស់សណ្តាប់ធ្នាប់បរិស្ថាន និងអនាម័យសាធារណៈ នៅទីតាំងឆ្នេរអូរឈើទាល២ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកលោកស្រីជាអភិបាលរងខេត្ត អភិបាលរងក្រុងស្រុក ប្រធានមន្ទីរអង្គភាព មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្ត សហគមទេសចរណ៍កោះរ៉ុង សមាគមសណ្ឋាគារ និងភោជនីយដ្ឋាន សរុបអ្នកចូលរួមប្រមាណ៥០០នាក់។

នាឱកាសបើកយុទ្ធនាការផ្សព្វផ្សាយនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធនាការទស្សនាស្រុកយើង ក្រោមស្មារតីស្រឡាញ់ជាតិ សំដៅជំរុញចលនាទេសចរណ៍ផ្ទៃក្នុង តាមរយៈការបង្ករលក្ខណៈងាយស្រួលឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរបានទូទាំងប្រទេសប្រកបដោយសុវត្ថិភាព ធានាបានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈតាមឆ្នេរសមុទ្រ ត្រៀមបង្ការទប់ស្កាត់គ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ។
ឯកឧត្តមអភិបាលខេត្តបានបន្តថា ខេត្តព្រះសីហនុ ទទួលបានបរិស្ថានស្អាតមានភ្ញៀវទេសចរណ៍មក លេងកម្សាន្តច្រើន ហើយយើងក៏បានយកភាពស្រស់ស្អាតក្រោយការរៀបចំរបស់យើងទៅជាបេក្ខភាពប្រឡងប្រណាំងទីក្រុងស្អាតនៃក្រុងព្រះសីហនុ យើងនឹងទទួលបានចំណាត់ថ្នាក់បន្តបន្ទាប់ទៀត ផ្តើមចេញពីភាពស្អាតជាមោទនភាពផ្តល់នូវភាពទាក់ទាញកាន់តែច្រើនឡើងថែមទៀតដល់ភ្ញៀវទេសចរជាតិ និងបរទេសមកលេងកម្សាន្តសប្បាយនៅខេត្តព្រះសីហនុ ហើយក៏ជាឱកាស នៃការជម្រុញការគាំទ្រដល់វិស័យទេសចរណ៍ ជម្រុញកំណើនសេដ្ឋកិច្ច និងមានឱកាសឱ្យបងប្អូនប្រជាពលរដ្ឋមានការងារធ្វើ មានប្រាក់ចំណូល និងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋបានល្អប្រសើរ។ ចំណុចនេះមានសារៈសំខាន់សម្រាប់យើងទាំងអស់គ្នា ដែលយើងបានជ្រើសរើសយកទីតាំងនេះបើកយុទ្ធនាការ ដើម្បីបញ្ចប់នូវសំណល់ដែលនៅសេសសល់ពីភ្ញៀវដែលមកកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរកន្លងទៅ ធ្វើឱ្យទីក្រុងរបស់យើងមានភាពស្អាតជាប្រចាំ ដើម្បីឱ្យបេក្ខភាពទីក្រុងស្អាតរបស់យើងទទួលបានការវាយតម្លៃសមស្របក្នុងការផ្តល់ចំណាត់ថ្នាក់ទីក្រុងស្អាត។
ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរថ្នាក់ដឹកនាំមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងវិស័យឯកជន ដែលបានយកចិត្តទុកដាក់លើយុទ្ធនាការផ្សព្វផ្សាយទីក្រុងស្អាត ឆ្នេរស្អាត សង្ឃឹមថា ឆ្នេររបស់យើងដែលមានប្រវែងជាង ២០គីឡូម៉ែត្រ មានសោភ័ណភាពស្រស់ស្អាត ដោយយើងធ្វើការសម្អាតជាប្រចាំចាប់ពីពេលនេះតទៅ៕