Home / ព័ត៌មានទូទៅ / លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត តំណាងឱ្យឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានអនុញ្ញាតឱ្យលោក ហ៊ូ វៃ និងសហការី បានអញ្ជើញជួបសំណេះសំណាល

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត តំណាងឱ្យឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានអនុញ្ញាតឱ្យលោក ហ៊ូ វៃ និងសហការី បានអញ្ជើញជួបសំណេះសំណាល

ព្រឹកថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត តំណាងឱ្យឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានអនុញ្ញាតឱ្យលោក ហ៊ូ វៃ (HU WEI) ប្រធានផ្នែកកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ និងសហការី បានអញ្ជើញជួបសំណេះសំណាល និងជូនពរដល់ថ្នាក់ដឹកនាំខេត្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

នាឱកាសនោះផងដែរលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍ស្វាគមន៍លោក ហ៊ូ វៃ (HU WEI) ប្រធានផ្នែកកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ ដើម្បីរំលឹកចំណងមិត្តភាព សាមគ្គីភាពរវាងកម្ពុជា និងចិន ហើយចិនជាមិត្តដ៏ស្មោះត្រង់ជួយដល់កម្ពុជា ក្នុងការងារមនុស្សធម៌ ការចែករំលែកបទពិសោធន៍ ជួយកសាង និងផ្តល់ជំនួយមនុស្សធម៌ជាច្រើន ជាពិសេសវិស័យអភិវឌ្ឍសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធជាច្រើនកន្លែង ដោយក្នុងនោះក៏មានការវិនិយោគជាច្រើនក្នុងខេត្តព្រះសីហនុរបស់យើង ហើយក៏បានមកវិនិយោគលើវិស័យរោងចក្រ សហគ្រាស ទេសចរណ៍ សណ្ឋាគារ និងភោជនីយដ្ឋាន ដែលបានចូលរួមចំណែកអភិវឌ្ឍដល់សេដ្ឋកិច្ច និងសង្គមជាច្រើន ដោយសារតែជំងឺកូវីដ-១៩ បានវាយប្រហារ ហើយខ្សែចង្វាក់ផលិតកម្មមួយចំនួនបានរងបញ្ហាប្រឈមផងដែរ។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍បន្តទៀតថា បញ្ហាការពារសណ្តាប់ធ្នាប់សន្តិសុខក្នុងខេត្តព្រះសីហនុ ជាបញ្ហាចម្បងរបស់គណៈបញ្ជាការឯកភាពខេត្ត ដោយនាពេលកន្លងមកភាគីចិនក៏មានការសហការជាមួយរដ្ឋបាលខេត្ត ដើម្បីរៀបចំនៅផែនការសណ្តាប់ធ្នាប់នៅក្នុងខេត្តព្រះសីហនុផងដែរ សកម្មភាពទាំងអស់នេះហើយបានឆ្លុះបញ្ចាំងឱ្យឃើញថាគឺជាការចំណងមិត្តភាពរវាងកម្ពុជានិងចិន ទន្ទឹមនេះលោកអភិបាលរងខេត្ត ក៏បានស្នើសុំឱ្យលោក ហ៊ូ វៃ (HU WEI) ប្រធានផ្នែកកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ ជួយផ្សព្វផ្សាយ និងជម្រុញអ្នកវិនិយោគចិនមកកាន់ខេត្តព្រះសីហនុឱ្យបានកាន់តែច្រើនឡើងថែមទៀត ហើយជាចុងក្រោយលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ តំណាងឱ្យឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានជូនពរលោក ហ៊ូ វៃ (HU WEI) ប្រធានផ្នែកកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ និងសហការី ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ជួបនូវពុទ្ធពរជ័យសិរីមង្គលនិងមានសុខភាពល្អ ព្រមទាំងជៀសឱ្យផុតពីជំងឺកាចសាហាវផ្សេងៗ។
ក្នុងឱកាសនោះលោក ហ៊ូ វៃ (HU WEI) ប្រធានផ្នែកកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ បានជម្រាបពីគោលបំណងដែលបានអញ្ជើញមកជួបសំណេះសំណាលក្នុងថ្ងៃនេះគឺចង់មកថ្លែងអំណរគុណនឹងជូនពរទៅដល់ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ដែលនាពេលកន្លងមកគណៈបញ្ជាការឯកភាពខេត្ត បានជួយសម្របសម្រួលដល់អ្នកវិនិយោគដែលបានវិនិយោគក្នុងខេត្តព្រះសីហនុ និងជួយរៀបចំសណ្ដាប់ធ្នាប់តាមកន្លែងអ្នកវិនិយោគជនជាតិចិនបានវិនិយោគលើទឹកដីខេត្តព្រះសីហនុជាច្រើនកន្លែង ហើយក្នុងនាមលោកប្រធានផ្នែកកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំខេត្ត ទាំងអស់ជួបនូវសុខភាពល្អនិងជោគជ័យគ្រប់ភារកិច្ច៕