Home / ព័ត៌មានទូទៅ / លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ទទួលអំណោយមនុស្សធម៌ពីក្រុមហ៊ុន វីវី អេធីអឹម គ្រុប

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ទទួលអំណោយមនុស្សធម៌ពីក្រុមហ៊ុន វីវី អេធីអឹម គ្រុប

ព្រឹកថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ទទួលអំណោយមនុស្សធម៌ពីក្រុមហ៊ុន វីវី អេធីអឹម គ្រុប (VV.ATM GROUP) ឧបត្ថម្ភ អង្ករចំនួន ១.០០០ គីឡូក្រាម មី ៥០កេស ត្រីខ ៥០យួរ និងទឹកពិសារបរិសុទ្ធចំនួន ៥០កេស ជូនដល់រដ្ឋបាលខេត្តសម្រាប់ប្រើប្រាស់ក្នុងការងារសង្គម និងមនុស្សធម៌នៅខេត្តព្រះសីហនុ។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណ និងអរគុណចំពោះក្រុមហ៊ុន វីវី អេធីអឹម គ្រុប (VV.ATM GROUP) ដែលបានឧបត្ថម្ភ ជាអង្ករ មី ត្រីខ និងទឹកពិសារបរិសុទ្ធ ដល់រដ្ឋបាលខេត្ត សម្រាប់ប្រើប្រាស់ក្នុងការងារសង្គម និងមនុស្សធម៌នៅខេត្តព្រះសីហនុ នេះជាសកម្មភាពនៃការចែករំលែកចូលរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋបាលខេត្តព្រះសីហនុ។
ក្នុងឱកាសនោះលោកអភិបាលរងខេត្តព្រះសីហនុ សង្ឃឹមជឿជាក់ថាក្រុមហ៊ុន រោងចក្រ សហគ្រាស លោកឧកញ៉ា ឯកឧត្តម លោកជំទាវ និងបងប្អូនសប្បុរសជនបន្តជួយឧបត្ថម្ភគាំទ្រជាថវិកា សម្ភារៈជួយដល់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការចូលរួមការងារសង្គម និងមនុស្សធម៌នៅខេត្តព្រះសីហនុ៕