Home / ព័ត៌មានទូទៅ / ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងអ្នកឧកញ៉ា ទ្រី ភាព អញ្ជើញចូលរួមក្នុងពិធីប្រគល់ ទទួលប៉មយាមចំនួន១២ប៉ម នៅឆ្នេរអូរឈើទាល២

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងអ្នកឧកញ៉ា ទ្រី ភាព អញ្ជើញចូលរួមក្នុងពិធីប្រគល់ ទទួលប៉មយាមចំនួន១២ប៉ម នៅឆ្នេរអូរឈើទាល២

ព្រឹកថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងអ្នកឧកញ៉ា ទ្រី ភាព អញ្ជើញចូលរួមក្នុងពិធីប្រគល់ ទទួលប៉មយាមចំនួន១២ប៉ម នៅឆ្នេរអូរឈើទាល២ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុងព្រះសីហនុ ប្រធានមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ បុគ្គលិកសម្អាតឆ្នេរ និងឆ្មាំឆ្នេរសមុទ្រ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ថ្ងៃនេះយើងធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប៉ុស្តិ៍យាម ឬប៉មយាមឆ្មាំឆ្នេរសមុទ្ររបស់យើងនៅតាមបណ្តោយឆ្នេរសមុទ្រក្នុងក្រុងព្រះ សីហនុ មានចំនួន១២ប៉ម។ ដោយសារការខិតខំរបស់រាជរដ្ឋាភិបាល បានសម្រេចអនុញ្ញាតឱ្យយើងប្រើប្រាស់នូវថវិកាសម្រាប់ធ្វើការអភិវឌ្ឍខេត្តព្រះសីហនុ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចំណាយថវិកាយ៉ាងច្រើន ដើម្បីកែលម្អផ្លូវថ្នល់ ឆ្នេរសមុទ្រ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងខេត្តព្រះសីហនុ និងដឹកនាំស្ថាបនាដោយ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា។ ដោយយើងបានបើកឆ្នេរសមុទ្ររបស់យើងជាលំហរសាធារណៈសម្រាប់ឱ្យភ្ញៀវជាតិ អន្តរជាតិមកលេងកម្សាន្តសប្បាយ។ ពីមុនឆ្នេរនេះ ត្រូវបានប្រើប្រាស់របស់ឯកជន ពុំមានលំហរសាធារណ: ក្រោយកិច្ចខិតខំប្រឹងប្រែងរបស់យើង បានធ្វើឱ្យឆ្នេរនេះ ក្លាយជាលំហរសាធារណៈមានជាង១៦គីឡូម៉ែត្រ និងពយជាង ៤គីឡូម៉ែត្រ។ យើងបានរៀបចំដាក់ពោងសុវត្ថិភាព ដើម្បីបែងចែកតំបន់សម្រាប់អ្នកហែលទឹកលេងឱ្យមានសុវត្ថិភាព ពីទូក កាណូត ឬមធ្យោបាយផ្សេងៗ និងជារបាំងសុវត្ថិភាពនៅពេលមានខ្យល់ ឬប្រការណាមួយ។
ឯកឧត្តមអភិបាលខេត្តបន្តថា ប៉មទាំង១២នេះ គឺអំណោយរបស់ អ្នកឧកញ៉ា ទ្រី ភាព សម្រាប់ជាចំណង ដៃជូនរដ្ឋបាលខេត្តប្រើប្រាស់ជាសម្បត្តិរួមរបស់យើងទាំងអស់គ្នា។ សូមជម្រាបជូនផងដែរថាកន្លងមក អ្នកឧកញ៉ា ទ្រី ភាព ក៏បានជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តជាបន្តបន្ទាប់ ពិសេសក្នុងដំណាក់កាលនៃការបិទខ្ទប់ក្រុងព្រះសីហនុ ដោយអ្នកឧកញ៉ាបានផ្តល់ស្បៀងអាហារសម្រាប់ចែកជូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុជាដើម។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់បងប្អូនឆ្មាំឆ្នេរសមុទ្រ ត្រូវប្រើប្រាសប៉មឱ្យបានត្រឹមត្រូវ ដោយឆ្មាំរបស់យើងត្រូវមានកញ្ចែ មេក្រូ និងសម្ភារៈមួយចំនួនទៀត ដើម្បីផ្តល់ពត៌មាន និងជួយសង្គ្រោះដល់អ្នកទេសចរមកលេងទឹកក្នុងករណីមានឧប្បត្តិហេតុចៃដន្យណាមួយ។ ក្នុងនោះឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ មន្ទីរទេសចរណ៍ មន្ទីរបរិស្ថាន និងបុគ្គលិកសម្អាត ត្រូវរួមគ្នាសម្អាតតាមតំបន់ឆ្នេរសមុទ្ររបស់យើង និងអំពាវនាវជូនចំពោះប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ទាំងអស់ ត្រូវចូលរួមថែរក្សាអនាម័យ បរិស្ថាននៅតាមបណ្តោយឆ្នេរ និងនៅតាមទីសាធារណៈដោយយើងដាក់ធុងសំរាមដើម្បីឱ្យពួកគាត់យកសំរាម ឬកាកសំណល់ដែលប្រើប្រាស់រួច យកមកទុកដាក់ក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ និងស្នើឱ្យក្រុមហ៊ុនដឹកជញ្ជូនសំរាម ត្រូវបង្កើនការប្រមូលសំរាមនៅថ្ងៃសៅរ៍ អាទិត្យ និងពិធីបុណ្យផ្សេងៗ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការដោះស្រាយការកកស្ទះសំរាមនៅក្នុងក្រុង ពិសេសត្រៀមក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនាពេលខាងមុខ ធ្វើយ៉ាងណាឱ្យឆ្នេររបស់យើងមានភាពស្អាត និងចាំទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ទន្ទឹមនេះ ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវដល់ បុគ្គលិកសម្អាតឆ្នេរ និងឆ្មាំឆ្នេរសមុទ្រទាំងត្រូវនាំគ្នាទៅចាក់វ៉ាក់សាំងដូសជម្រុញដូសទី៤ ដើម្បីបង្កើនភាពស៊ាំ ឱ្យបានគ្រប់ៗគ្នា ។
ក្នុងឱកាសនោះ អ្នកឧកញ៉ា ទ្រី ភាព បាននាំយកថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឧបត្ថម្ភជូនបុគ្គលិកសម្អាតឆ្នេរ និងឆ្មាំឆ្នេរសមុទ្រចំនួន៧៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា១០ម៉ឺនរៀល៕