Home / ព័ត៌មានទូទៅ / ឯកឧត្តម សុខ សុគុណ និងលោក ឡុង ឌីម៉ង់ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងចុងក្រោយ ផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម

ឯកឧត្តម សុខ សុគុណ និងលោក ឡុង ឌីម៉ង់ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងចុងក្រោយ ផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម

រសៀលថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម សុខ សុគុណ អគ្គនាយករង និងជាប្រធានចាត់ចែងគម្រោង ក្រសួងទេសចរណ៍ និងលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងចុងក្រោយ ផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីអភិបាលក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ នាយកទីចាត់ការសាលាខេត្ត ប្រធានសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្ត ប្រធានសមាគមសណ្ឋាគារ និងភោជនីយដ្ឋាន។
កិច្ចប្រជុំ ស្តីពីសេចក្តីព្រាងផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្មខេត្តព្រះសីហនុ ២០២១- ២០២៥ មានដូជា៖
១.ការរៀបចំផែនការ
២.ការវិភាគចំណុចខ្លាំង ចំណុចខ្សោយ ឱកាស និងការគំរាមកំហែង (SWOT)
៣.ចក្ខុវិស័យ
៤.គោលដៅ និងគោលបំណង
៥.ការព្យាករណ៍ចំនួនទេសចរណ៍ឆ្នាំ២០២១-២០២៥
៦.ទិសដៅផែនការអភិវឌ្ឍន៍ទេសចរណ៍
ឯកឧត្តម សុខ សុគុណ អគ្គនាយករង និងជាប្រធានចាត់ចែងគម្រោង ក្រសួងទេសចរណ៍ បានស្វាគមន៍ផែនការអភិវឌ្ឍន៍ទេសចរណ៍ ៥ឆ្នាំ (២០២១-២០២៥) ហើយតាមរយៈគមមរោងនេះ នឹងជួយជម្រុញ កំណើនភ្ញៀវទេសចរណ៍ កំណើនសេដ្ឋកិច្ចសង្គម ថែរក្សាធនធានធម្មជាតិ និងវប្បធម៌កាន់តែល្អប្រសើរ និងក៏ជាគោលដៅទេសចរណ៍តំបន់ឆ្នេរ ដែលមានសុវត្ថិភាព មានភាពទាក់ទាញ និងប្រកួតប្រជែងកំរិតអន្តរជាតិនាពេលអនាគត។ ឯកឧត្តមបានបន្ថែមថា ផែនការអភិវឌ្ឍទេសចរណ៍ទទួលបានជោគជ័យចាំបាច់ត្រូវមានការគាំទ្រ និងសហការអនុវត្តល្អពីគ្រប់ភាគី ហើយការប្រកួតប្រជែងទីផ្សារផ្តោតលើកញ្ចប់ទស្សនកិច្ច ម្យ៉ាងទៀតខេត្តព្រះសីហនុមានព្រលានយន្តហោះអន្តរជាតិ យន្តហោះប្រភេទធំអាចចុះចតបាន និងមានឆ្នេរខ្សាច់ និងប្រជុំកោះ ដែលជាសក្តានុពលទេសចរណ៍ដ៏សម្បុរបែប។ ទន្ទឹមនឹងមានសក្តានុពល យើងក៏មានកន្លែងប្រឈមផងដែរ ដូចជាតំបន់ទំនប់រលក ដែលមានសំរាម និងថង់ផ្លាស្ទិកច្រើន ដែលធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ យើងចង់ប្រែក្លាយតំបន់ទំនប់រលក ក្លាយជាតំបន់ទេសចរណ៍ទាក់ទាញ ហើយសេចក្តីព្រាងផែនការអភិវឌ្ឍទេសចរណ៍ នឹងក្លាយជាត្រីវិស័យមួយក្នុងការស្តារវិស័យទេសចរណ៍ឡើងវិញក្រោយពីវិបត្តិកូវីដ-១៩។
នាឱកាសនោះ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍បង្ហាញពីការគាំទ្រផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តព្រះសីហនុ ដែលផែនការនេះទាមទារឲ្យមានការចូលរួមពីមន្ទីរ អង្គភាព ភាគីពាក់ព័ន្ធ វិស័យឯកជន និងប្រតិបត្តិករទេសចរណ៍ អ្នកវិនិយោគ។ រដ្ឋបាលខេត្តបេ្តជ្ញាចិត្តជ្រោមជ្រែងផែនការអភិវឌ្ឍទេសចរណ៍ខេត្តព្រះសីហនុ។
លោកអភិបាលរងខេត្តបានបន្តថា រាជរដ្ឋាភិបាលកំពុងរៀបចំប្លង់មេ ក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ នាពេលខាងមុខ។ រាជរដ្ឋាភិបាលក៏បានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាតារារះនាទិសនារតី ដែលមានខេត្តជាប់សមុទ្រ៤ មានដូចជា ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកែប និងខេត្តកំពត៕