យប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ បន្ទាប់ពីទទួលបានសារពិសេសរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ទាក់ទងទៅនឹងស្ថានភាព មេរោគបំប្លែងថ្មី អូមីក្រុងរួចមក ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំបន្ទាន់ ត្រៀមបើកយុទ្ធនាការទ្រង់ទ្រាយធំនៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ដើម្បីពន្លឿនការចាក់វ៉ាក់សាំងដូសជម្រុញជូនប្រជាពលរដ្ឋនៅទូទាំងខេត្តព្រះសីហនុឱ្យបានឆាប់រួចរាល់។
ឯកឧត្តមអភិបាលខេត្ត បានដាក់ចេញនូវផែនការដោយកំណត់យកមណ្ឌលសុខភាព នៅតាមក្រុងស្រុកក្នុងខេត្តព្រះសីហនុ ដើម្បីពង្រីកវិសាលភាពនៃការចាក់វ៉ាក់សាំងដូសជម្រុញជូនប្រជាពលរដ្ឋបានកាន់តែឆាប់រហ័ស និងបានណែនាំដល់អភិបាលក្រុងស្រុក មេឃុំចៅសង្កាត់ទាំងអស់ត្រូវចុះផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះឱ្យទៅចាក់វ៉ាក់សាំងដូសជម្រុញឱ្យបានគ្រប់ៗគ្នា ដើម្បីបង្កើនភាពស៊ាំនឹងជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី អូមីក្រុងដែលកំពុងឆ្លងរាលដាលចូលក្នុងសហគមន៍គួរឱ្យព្រួយបារម្ភ។
រដ្ឋបាលខេត្តសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមនាំគ្នាទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូស និងបន្តដូសជម្រុញដើម្បីបង្កើនភាពស៊ាំ ព្រមទាំងត្រូវបន្តអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការនានា របស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។