ថ្ងៃ៧មករា បានស្រោចស្រង់កម្ពុជាពីថ្លុកឈាម គំនរឆ្អឹង ទឹកភ្នែក និងបានបោះជំហានរីកចម្រើនជាបន្តបន្ទាប់។
ថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារចុះជួយខេត្តព្រះសីហនុ អមដំណើរដោយឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាលជាមួយសាសនិកឥស្លាម ក្នុងខេត្តព្រះសីហនុ។ ពិធីនេះមានការចូលរួមពីសមាជិក សមាជិកា ក្រុមការងារចុះជួយខេត្តព្រះសីហនុ លោកអភិបាលស្រុកព្រៃនប់ គណៈអុីម៉ាំខេត្ត គណៈអុីមាំក្រុងស្រុក គណៈអុីម៉ាំម៉ាស្ជិឌ(ហាកឹម) គណៈចលនាសាសនិកឥស្លាមខេត្តព្រះសីហនុ ព្រមទាំងលោកគ្រូ អ្នកគ្រូ និងយុវជនឥស្លាមយ៉ាងច្រើនកុះករ។
យោងតាមរបាយការណ៍របស់គណៈអុីមាំខេត្តព្រះសីហនុបានអោយដឹងថា ក្រោមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ជាប្រមុខបានធ្វើឱ្យសាសនាទាំងអស់នៅកម្ពុជាទទួលបាននូវសុខដុមនីយកម្ម គ្មានជម្លោះសាសនា គ្មានការរើសអើង និងជាពិសេសសាសនាឥស្លាមមានការរីកចម្រើន។ ប្រជាជនខ្មែរឥស្លាមរស់នៅមានសិទ្ធិសេរីភាពពេញលេញ ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ និងប្រណិប័តន៍ជំនឿសាសនារបស់ខ្លួនយ៉ាងទូលំទូលាយនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ខេត្តព្រះសីហនុ មានសាសនិកឥស្លាមរស់នៅក្នុងក្រុងស្រុកចំនួន០៣គឺស្រុកព្រៃនប់ ស្រុកកំពង់សីលា និងក្រុងព្រះសីហនុ លើ០៩ឃុំ និង២១ភូមិ ដែលមានសាសនិកឥស្លាមសរុបចំនួន៤,១៥៥គ្រួសារ ស្មើនឹង១៤,៧២៣ នាក់ ស្រី៧,៧៦៥នាក់។ មានវិហារឥស្លាមចំនួន១៧ និងស៊ូរ៉ាវ៤៦កន្លែង។ សាលារៀនឥស្លាម ចំនួន២០ ខ្នង សិស្សឥស្លាមចំនួន៩៣៩នាក់ ស្រី៣៧៣នាក់ ក្នុងនោះ មត្តេយ្យ១៧ថ្នាក់ បឋម១៨ថ្នាក់ អនុវិទ្យាល័យ ៣ថ្នាក់ និងវិទ្យាល័យ២ថ្នាក់ និងមជ្ឈមណ្ឌលកុមារកំព្រា កុមារទីទាល់ក្រ មានចំនួន០៦កន្លែង មានគ្រូបង្រៀនខ្មែរឥស្លាមក្របខណ្ឌរដ្ឋ ចំនួន៣៧នាក់ ស្រី ១០នាក់ និងគ្រូបង្រៀនស្ម័គ្រចិត្តចំនួន៥៧នាក់ ស្រី ១៥នាក់។
មានប្រសាសន៍សំណេះសំណាលទៅកាន់សាសនិកឥស្លាមនាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងពីថ្ងៃជ័យជម្នះ៧មករា (៧ មករា ១៩៧៩- ៧ មករា ២០២២) គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដែលបានស្រោចស្រង់កម្ពុជាឱ្យងើបចេញពីថ្លុកឈាម គំនរភ្នំឆ្អឹង និងទឹកភ្នែក ហើយបានរួបរួមគ្នាកសាង និងស្តារប្រទេសបោះជំហានរីកចម្រើនឡើងជាបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃនេះ។ ស្មារតី៧មករា បានធ្វើឱ្យប្រជាជនមានមោទនភាពយ៉ាងជ្រាលជ្រៅចំពោះស្នាដៃ និងសមិទ្ធផលធំៗជាច្រើនដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានក្នុងរយៈពេល៤៣ឆ្នាំកន្លងទៅនេះ៕