Home / ព័ត៌មានទូទៅ / ទិដ្ឋភាពភ្ញៀវទេសចរនៅតាមបណ្តោយឆ្នេរសមុទ្រ នៃខេត្តព្រះ សីហនុ ចាប់ពីឆ្នេរអូឈើទាលពីររហូតដល់ជិតដើមឈើចាំស្នេហ៍

ទិដ្ឋភាពភ្ញៀវទេសចរនៅតាមបណ្តោយឆ្នេរសមុទ្រ នៃខេត្តព្រះ សីហនុ ចាប់ពីឆ្នេរអូឈើទាលពីររហូតដល់ជិតដើមឈើចាំស្នេហ៍

ភ្ញៀវទេសចរ ដែលមកកម្សាន្ដនៅខេត្តព្រះសីហនុ ក្នុងពិធីបុណ្យឆ្លងឆ្នាំសកល នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ មានភ្ញៀវសរុបចំនួន ៥២,៧១៧នាក់
នៅថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ទិដ្ឋភាពភ្ញៀវទេសចរនៅតាមបណ្តោយឆ្នេរសមុទ្រ នៃខេត្តព្រះ សីហនុ ចាប់ពីឆ្នេរអូឈើទាលពីររហូតដល់ជិតដើមឈើចាំស្នេហ៍ មានភ្ញៀវទេសចរមកពីបណ្តារាជធានី ខេត្ត នៃព្រះជាណាចក្រកម្ពុជា បាននាំគ្នាបោះតង់ ក្រាលកន្ទេលរង់ចាំឆ្លងឆ្នាំសកល ២០២១-២០២២ នៅតាមបណ្តោយឆ្នេរខេត្តព្រះសីហនុ មានចំនួនច្រើនកុះករគួរឱ្យកត់សម្គាល់។
ទន្ទឹមនោះមានភ្ញៀវទេសចរយ៉ាងច្រើនបានបោះតង់ ក្រាលកន្ទេលអង្គុយលេង នៅតាមបណ្តោយឆ្នេរសាធារណៈ ដែលរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំនាពេលកន្លងមក រួមទាំងហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើន ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តក្នុងខេត្តព្រះសីហនុ។
គណៈបញ្ជាការឯកភាពខេត្ត បានដាក់ចេញនូវវិធានការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ដោយមានកម្លាំងសមត្ថកិច្ច ធ្វើការចេញល្បាត និងឈរជើងនៅតាមចំណុចគោលដៅសំខាន់ៗក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ដើម្បីធានាសុវត្ថិភាពជូនភ្ញៀវ នៅតាមបណ្តោយឆ្នេរសមុទ្រ និងទីសាធារណៈនានាជូនដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ប្រកបដោយសុវត្ថិភាព។
ផ្ទះសំណាក់ និងសណ្ឋាគារ នៅតាមដងផ្លូវធំៗក្នុងក្រុងព្រះសីហនុ ត្រូវបានភ្ញៀវកក់ទុកពេញអស់ហើយ ដោយឡែកសម្រាប់ បឹងហ្ការឡូ នៅតាមបណ្តាកោះវិញ ក៏ត្រូវបានភ្ញៀវកក់ទុកពេញអស់ចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១កន្លងមក ម្យ៉ាងទៀតនៅតាមបណ្តោយឆ្នេរខ្សាច់សាធារណៈ ភ្ញៀវទេសចរបានបោះតង់ ឬក្រាលកន្ទេលពេញ។ ភ្ញៀវទេសចរ ដែលមកកម្សាន្ដនៅខេត្តព្រះសីហនុ ក្នុងពិធីបុណ្យឆ្លងឆ្នាំសកល នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ មានភ្ញៀវសរុបចំនួន ៥២,៧១៧នាក់ មានចំនួនច្រើន បើប្រៀបនិងពិធីបុណ្យអំទូក៕