Home / ព័ត៌មានទូទៅ / ឯកឧត្តម ហេង ស៉ឺ និងលោក ឡុង ឌីម៉ង់ បាន​អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង

ឯកឧត្តម ហេង ស៉ឺ និងលោក ឡុង ឌីម៉ង់ បាន​អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង

រសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ហេង ស៉ឺ សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បាន​អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង សង្កាត់ (២០២២-២០២៤)។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត បានមាន ប្រសាសន៍ថា ដើម្បីធានាឱ្យមានសង្គតិភាពរវាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២២-២០២៤) របស់រដ្ឋបាលខេត្តទៅនឹងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលក្រុង និងរដ្ឋបាលសង្កាត់ ដំណើរការនៃសិក្ខា សាលាសមាហរណកម្មផែនការថ្នាក់ក្រុង គឺជាសកម្មភាពមួយដ៏ចាំបាច់ និងតម្រូវអោយមានការចូលរួមចំណែកពីស្ថាប័ន មន្ទីរ អង្គភាព អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងសប្បុរសជន ដែលកំពុងប្រតិបត្តិការនៅតាមក្រុង សង្កាត់ សំដៅជួយផ្ដល់ការគាំទ្រគម្រោង ឬសកម្មភាពក្រុង សង្កាត់ តាមគោលការណ៍លក្ខណៈវិនិច្ឆ័យ និងគោលនយោបាយអភិឌ្ឍន៍របស់ស្ថាប័ននីមួយៗ ហើយសិក្ខាសាលាថ្ងៃនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ការ ស្វែងរកប្រភពមូលនិធិជួយគាំទ្រ និងការធ្វើសមាហរណកម្មរវាងគម្រោងវិនិយោគរបស់ស្ថាប័ន មន្ទីរ អង្គភាព និងដៃគូអភិវឌ្ឍនានា ជាមួយនឹងគម្រោងវិនិយោគជាអាទិភាពរបស់ក្រុង សង្កាត់ ក្នុងគោលដៅរួមចំណែកអភិវឌ្ឍលើគ្រប់វិស័យ។
ក្នុងនោះលោក អភិបាលរងខេត្ត ក៏បានបន្ថែមទៀតថា ជាការពិតគម្រោងវិនិយោគទាំងអស់ដែលមានក្នុងតារាងម៉ាទ្រិច ត្រូវបានបង្ហាញជូនដោយតំណាងក្រុមការងារកសាងផែនការក្រុង និងតំណាង (គ.ផ.ថ) តាមសង្កាត់ គឺជាតម្រូវការចាំបាច់ដល់ការលើកស្ទួយជីវភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងសម្រាប់ដំណើរការអភិវឌ្ឍលើគ្រប់វិស័យក្នុងមូលដ្ឋាន ជាពិសេសកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល និងរួមចំណែកអនុវត្តឱ្យសម្រេចបាននូវផែនការអភិវឌ្ឍន៍របស់រដ្ឋបាលក្រុង សង្កាត់ និងគោលការណ៍ណែនាំផ្នែកតាមគោលនយោបាយរបស់ក្រុមប្រឹក្សាក្រុងកោះរ៉ុងជាដើម ហើយក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ លោកសូមគាំទ្រយ៉ាងពេញ ទំហឹងចំពោះដំណើរការសិក្ខាសាលាថ្ងៃនេះ និងស្នើសុំឱ្យសមាជិកសមាជិកា មេត្តាខិតខំប្រឹងប្រែង ពិនិត្យពិចារណាស្វែងយល់នូវគម្រោងវិយោគជាអាទិភាពរបស់ក្រុង សង្កាត់ ដែលបានចែកជូនក្នុងកិច្ចប្រជុំផ្សព្វផ្សាយវេទិកាពិគ្រោះយោបល់នៅថ្នាក់ខេត្ត និងបង្ហាញជូនដោយក្រុមការងារនាពេលនេះ ដោយយកចិត្តទុកដាក់ និងអាចផ្តល់ជាមតិយោបល់ជាធាតុចូល ដើម្បីអោយគម្រោងអាទិភាពទាំងនោះ ឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
នាឱកាសនោះដែរ ឯកឧត្តម ហេង ស៉ឺ សមាជិកក្រុម ប្រឹក្សាខេត្ត បានមានប្រសាសន៍លើកឡើងក្នុងកម្មវិធីវិនិយោគត្រូវបានអនុវត្តនូវគោលការណ៍ នៃគម្រោងដែលក្រុងបានលើកជូនក្នុងអង្គសិក្ខាសាលាដោយ មានចំនួនសរុប ៤០គម្រោងក្នុងនោះមាន៖
១-ផ្នែកសេដ្ឋកិច្ចមាន ៩គម្រោង
២-ផ្នែកសង្គមកិច្ចមាន ៦គម្រោង
៣-ផ្នែកការប្រើប្រាស់ដីធ្លី និងគ្រប់គ្រងធនធានធម្មជាតិ បរិស្ថានគ្រប់គ្រងគ្រោះមហន្តរាយ និងការ ប្រែប្រួលអាកាសធាតុមាន ១៤គម្រោង ។
៤-ផ្នែករដ្ឋបាល និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈមាន ១១គម្រោង។ដោយមានយន្តការជួយគាំទ្រ និងមានគោលការណ៍ត្រឹមត្រូវច្បាស់ លាស់ ក្នុងដំណើរការរៀបចំ និងកសាងកម្មវិធីវិនិយោគបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងឈានដល់ការធ្វើសមាហរណកម្មវិធីវិនិយោគនៅថ្នាក់ក្រុង សង្កាត់៕