Home / ព័ត៌មានទូទៅ / ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ រួមជាមួយនឹងមន្ត្រីជំនាញពាក់ព័ន្ធ បានចុះពិនិត្យការស្ថាបនាអាគារតេជោព្យាបាលជំងឺកូវីដ-១៩

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ រួមជាមួយនឹងមន្ត្រីជំនាញពាក់ព័ន្ធ បានចុះពិនិត្យការស្ថាបនាអាគារតេជោព្យាបាលជំងឺកូវីដ-១៩

ព្រឹកថៃ្ងចន្ទ ៩កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ រួមជាមួយនឹងមន្ត្រីជំនាញពាក់ព័ន្ធ បានចុះពិនិត្យការស្ថាបនាអាគារតេជោព្យាបាលជំងឺកូវីដ-១៩ ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថាដោយមានការយកចិត្តទុកដាក់ពីសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលសម្ដេចតែងគិតគូរអំពីសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេស បងប្អូនដែលបានកើតជំងឺកូវីដ-១៩ គឺមានអាគារសម្រាកព្យាបាលធំទូលាយ មានបរិយាកាសល្អងាយស្រួលក្នុងការផ្តល់សេវាព្យាបាលដល់អ្នកជំងឺ។
ជាមួយគ្នានេះ ឯកឧត្តមក៏បានជម្រុញទៅដល់ក្រុមការងារត្រូវពន្លឿនការសាងសង់ ធ្វើយ៉ាងណាឱ្យបានឆាប់រួចរាល់ និងដាក់ដំណើរការព្យាបាលជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគ ក្នុងខេត្តព្រះសីហនុ នាពេលខាងមុខនេះ។ សូមជម្រាបជូនថា អាគារតេជោព្យាបាលជំងឺកូវីដ១៩ មានទំហំបណ្ដោយ៩០ម៉ែត្រ និងទទឹង៣៣ម៉ែត្រ។
នៅក្នុងថ្ងៃដដែលនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានអញ្ជើញចុះពិនិត្យមើលការស្ថាបនាកែលម្អសួនច្បារ៧មករា និងសួនច្បារកូនសោរ ដែលក្រុមការងារបាន និងកំពុងមមាញឹកក្នុងការស្ថាបនាធ្វើយ៉ាងណាឱ្យបានឆាប់រួចរាល់ ក្នុងពេលឆាប់ៗខាងមុខ ជាពិសេសនៅបំណាច់ឆ្នាំ២០២១ និងដើមឆ្នាំ២០២២ ខាងមុខនេះ។
ឯកឧត្តមក៏បានបញ្ជាក់បន្ថែមថា ការចុះពិនិត្យ និងពន្លឿនដល់ក្រុមការងារស្ថាបនា ដើម្បីធ្វើយ៉ាងណាឱ្យការស្ថាបនាមានគុណភាព ស្របតាបបទដ្ឋានបច្ចេកទេស និងបានឆាប់រួចរាល់ ដើម្បីបម្រើដល់ផលប្រយោជន៍សាធារណៈ ជាពិសេស ដើម្បីកែលម្អសោភ័ណភាពរបស់ក្រុងព្រះសីហនុ ខណៈពេលដែល ការរៀបចំហេដ្ឋារចនាសម្ព័ន្ធល្អស្អាត សួនច្បាររង្វង់មូល តោពីរ សួនទីលានតេជោ និងតាមតំបន់ឆ្នេរ បានរៀបចំល្អស្អាត ដូច្នេះរដ្ឋបាលខេត្ត នឹងបន្តការស្ថាបនា សួនច្បារ ផ្សេងៗទៀត ដើម្បីធ្វើយ៉ាងណាឱ្យក្រុងព្រះសីហនុ កាន់តែមានសោភ័ណភាពស្រស់បំព្រងទាក់ទាញភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិមកលេងកម្សាន្តកាន់តែច្រើនឡើង៕