Home / ព័ត៌មានទូទៅ / ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារប្រចាំខែ និងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារប្រចាំខែ និងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ

រសៀលថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារប្រចាំខែ និងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក និងលោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត។

បន្ទាប់ពីស្តាប់របាយការណ៍ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការបូកសរុប និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញការងាររបស់មន្ទីរអង្គភាព និងបញ្ហាប្រឈមដែលត្រូវរួមគ្នាដោះស្រាយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថាទីកន្លែងដែលប្រព្រឹត្តបទល្មើស ក្នុងដែនសមត្ថកិច្ចខេត្តនោះ ឯកឧត្តមនឹងដឹកនាំបញ្ជាបើកប្រតិបត្តិការដោយផ្ទាល់ ជាពិសេសបទល្មើសព្រហ្មទណ្ឌ ដោយមិនអនុញ្ញាត្តឱ្យជនល្មើសប្រព្រឹត្តបទល្មើសនៅលើទឹកដីនៃខេត្តព្រះសីហនុនោះឡើយ ដើម្បីគ្រប់គ្រងសន្តិសុខ សុវត្ថិភាពសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ អ្នកវិនិយោគ និងភ្ញៀវទេសចរ។ ដូច្នេះយើងត្រូវបង្កើនកិច្ចសហការគ្នារវាងមន្ទីរអង្គភាពពាក់ព័ន្ធ ព្រោះយើងមានបទពិសោធន៍ល្អៗជាច្រើន ដែលបានបំពេញការងារជាមួយគ្នា ជាពិសេស នៅក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅក្នុងខេត្តរបស់យើង នាពេលកន្លងមក ទទួលបានលទ្ធផលល្អ។
ឯកឧត្តមអភិបាលខេត្តបន្តថា កិច្ចការដែលយើងត្រូវយកចិត្តទុកដាក់ពេលនេះ គឺការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដោយនៅតាមភូមិ ឃុំ សង្កាត់កំពុងបន្តចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត។ល។ ដូច្នេះលោក លោកស្រីអភិបាលក្រុង ស្រុក ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវតាមដានកាងារជាប់ជាប្រចាំ ដើម្បីរក្សាសន្តិសុខ ផ្សារភ្ជាប់នឹងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ និងឈានទៅការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំបន្ទាប់៕