Home / ព័ត៌មានទូទៅ / លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់ ដើម្បីរៀបចំទស្សនៈទានទីក្រុងឆ្លាតវៃសម្រាប់ក្រុងព្រះសីហនុ

លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់ ដើម្បីរៀបចំទស្សនៈទានទីក្រុងឆ្លាតវៃសម្រាប់ក្រុងព្រះសីហនុ

ព្រឹកថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់ ដើម្បីរៀបចំទស្សនៈទានទីក្រុងឆ្លាតវៃសម្រាប់ក្រុងព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពក្នុងខេត្តព្រះសីហនុ ។

លោក សុខ វណ្ណា ប្រធានកម្មវិធីអង្គការសហប្រជាជាតិសម្រាប់លំនៅឋានមនុស្សជាតិប្រចាំកម្ពុជា បានធ្វើបទបង្ហាញពីទីក្រុងឆ្លាតវៃ សំដៅដល់ទីក្រុង ដែលប្រើប្រាស់បច្ចេកវិទ្យាជាជំនួយដោះស្រាយបញ្ហានានា ដើម្បីពង្រឹងប្រសិទ្ធភាពនៃប្រតិបត្តិការលើកកម្ពស់គុណភាពសេវាសាធារណៈ ធ្វើឱ្យគុណភាពជីវិត និងសុខុមាលភាពប្រជាជនកាន់តែប្រសើរ និងធានានិរន្តរភាពនៃការអភិវឌ្ឍ។ ទីក្រុងឆ្លាតវៃមានសមត្ថភាពក្នុងការគ្រប់គ្រងហានិភ័យសង្គមនានា ដោយប្រើប្រាស់បច្ចេកវិទ្យា និងប្រព័ន្ធវៃឆ្លាត។ ទីក្រុងឆ្លាតមានសសរស្តមសំខាន់ៗសម្រាប់ការអភិវឌ្ឍចំនួន៦ មានដូចជា៖
១.អភិបាលកិច្ចឆ្លាត
២.សេដ្ឋកិច្ចឆ្លាត
៣.បរិស្ថានឆ្លាត
៤.ការរស់នៅឆ្លាត
៥.ការធ្វើបម្លាស់ទីឆ្លាត
៦.ពលរដ្ឋឆ្លាត ។
លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍បើកសិក្ខាសាលាទីក្រុងឆ្លាតវៃ ជាទីក្រុងប្រកបដោយនិរន្តរភាព និងបរិយាបន្ន។ សម្រាប់ក្រុងព្រះសីហនុ បង្កើតឡើងតាមរយៈវិធីសាស្ត្រ ដែលផ្តោតលើមនុស្សផ្អែកលើយេនឌ័រ និងគិតគូរពីសិទ្ធិមនុស្សត្រូវបានប្រើប្រាស់ដើម្បីកំណត់គំនិតផ្តួចផ្តើមមានចំនួន១៣ ប្រកបដោយភាពឆ្លាតវៃ និរន្តរភាព និងបរិយាបន្ននៃទស្សនទានទីក្រុងឆ្លាតវៃសម្រាប់ក្រុងព្រះសីហនុ។ ទីក្រុងឆ្លាតនៃក្រុងព្រះសីហនុ គឺជាទីក្រុងដែលមានបរិស្ថាន ជាតំបន់សេដ្ឋកិច្ចពហុបំណង ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ី និងជាកន្លែងដែលមានមនុស្សគ្រប់គ្នាចង់រស់នៅផ្ដល់នូវជីវភាពរស់នៅដែលបំពេញតម្រូវការរបស់ប្រជាពលរដ្ឋមានបរិស្ថានប្រកបដោយនិរន្តរភាព សន្តិសុខ និងសុវត្ថិភាពសាធារណៈដោយប្រើប្រាស់ប្រព័ន្ធឌីជីថល និងបច្ចេកវិទ្យាដើម្បីជំរុញសេដ្ឋកិច្ចពហុបំណង និងប្រសិទ្ធភាពអភិបាលកិច្ចល្អ ដើម្បីលើកកម្ពស់សុខុដុមនីយកម្ម និងសុខុមាលភាពប្រជាជន៕