Home / ព័ត៌មានទូទៅ / កិច្ចប្រជុំអនុគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងខេត្ត

កិច្ចប្រជុំអនុគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងខេត្ត

រសៀលថ្ងៃចន្ទ ១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំអនុគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងខេត្ត របស់រដ្ឋបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក លោក លោកស្រីប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់ក្រុង ស្រុក ត្រូវបន្តអប់រំផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង ឱ្យពួកគាត់ចុះឈ្មោះចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្តនៅតាមក្រុង ស្រុក បន្តទៀត។ អាជ្ញាធរក្រុង ស្រុក ត្រូវជួយសម្រួលក្នុងការដឹកជញ្ជូនពួកគាត់មកចាក់វ៉ាក់សាំងនៅសាលាបឋម – អនុវិទ្យាល័យតេជោសែនកម្មករ មានទីតាំងស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ។ ត្រូវបន្តស្រង់ឈ្មោះប្រជាពលរដ្ឋដែលមានអាយុចាប់ពីអាយុ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ ស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅតាមក្រុង ស្រុក ដើម្បីត្រៀមយុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងខេត្តព្រះសីហនុនាពេលខាងមុខ ។
ឯកឧត្តម គួច ចំរើន ក៏បានណែនាំឱ្យមន្ទីរសុខាភិបាលរៀបចំក្រុមការងារចាក់វ៉ាក់សាំងកូវីដ-១៩ ០៨ក្រុម ដើម្បីធ្វើការចាក់វ៉ាក់សាំងនៅតាមក្រុង ស្រុក ក្នុងនោះមាន៖
១.ក្រុងព្រះសីហនុ ០២ក្រុម ជាក្រុមគ្រូពេទ្យខេត្ត។
២.ស្ទឹងហាវ ០១ក្រុម ក្រុមគ្រូពេទ្យខេត្ត។
៣.ក្រុងកោះរ៉ុង ០១ក្រុម ជាគ្រូពេទ្យខេត្ត។
៤.ស្រុកព្រៃនប់ ០៣ក្រុម ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីថ្នាក់ជាតិ។
៥.ស្រុកកំពង់សីលា ០១ក្រុម ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីថ្នាក់ជាតិ។ ក្នុងនោះក្រុង ស្រុកនីមួយៗ ក៏បានត្រៀមរៀបចំសណ្ឋាគារ និងផ្ទះសំណាក់សម្រាប់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីថ្នាក់ជាតិ សម្រាប់ការស្នាក់នៅបំពេញការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួចរាល់ហើយផងដែរ ដូច្នេះយើងត្រូវរួមគា្នធ្វើការងារជាក្រុមឱ្យទទួលបានលទ្ធផលល្អ ។
ក្នុងឱកាសនោះឯកឧត្ដម គួច ចំរើន ក៏បានណែនាំដល់អាជ្ញាធរក្រុង ស្រុក ត្រូវរៀបចំបំពាក់ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគ ម៉ាស៊ីនវ៉ាស់កំដៅ រក្សាគម្លាតសុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់ជៀសវាងការប្រជ្រៀតគ្នានាំឱ្យឆ្លងជំងឺកួវីដ-១៩។ អនុវត្តតាមការណែនាំ ៣.ការពារ និង ៣.កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។