Home / ព័ត៌មានទូទៅ / កុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម គួច ចំរើន

កុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម គួច ចំរើន

ព្រឹកថ្ងៃអង្គារ ៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២១ លោក ជាំង វ៉ៃ JIANG WEI ប្រធានតំណាងការិយាល័យកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក នាយកទីចាត់ការសាធារណ: និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានទទួលស្វាគមន៍ លោកប្រធានតំណាងការិយាល័យកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ និងបានជម្រាបជូនពីស្ថានភាពភូមិសាស្ត្រ និងសក្តានុពលរបស់ខេត្ត ។

ឯកឧត្តម អភិបាលខេត្តបន្តថា ខេត្តព្រះសីហនុមានកំពង់ផែអន្តរជាតិទឹកជ្រៅ មានទំនិញចេញ-ចូលឆ្លងកាត់ ៧០ភាគរយនៃទំនិញនៅទូទាំងប្រទេស រួមចំណែកជំរុញកំណើនសេដ្ឋកិច្ច កន្លងមករាជរដ្ឋាភិបាលកម្ពុជា មានកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុន កសាងអភិវឌ្ឍកំពង់ផែទឹកជ្រៅដំណាក់កាលទី១ និងទី២ សម្រាប់នាវាដែលមានជម្រៅទឹក ១៣,៥០ ម៉ែត្រ ចូលចត និងផ្តល់ឱកាសប្រកួតប្រជែងតម្លៃដឹកជញ្ជូនផ្លូវសមុទ្រ។ រាជរដ្ឋាភិបាលគ្រោងនឹងអភិវឌ្ឍន៍កំពង់ផែដំណាក់កាលទី៣ និងទី៤ ឱ្យនាវាមានជម្រៅទឹក១៨ម៉ែត្រ ធ្វើចរាចរណ៍តាមសមុទ្រចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយតម្លៃនៃការដឹកជញ្ជូនមានតម្លៃថោក ហើយជាឱកាសដល់អ្នកវិនិយោគបង្កើនកំណើនការងារប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់។ ខេត្តមានអាកាសយានដ្ឋានអន្តរជាតិ មានផ្លូវរត់ ៣,៤០០ម៉ែត្រ អាចឱ្យយន្តហោះធន់ធំចុះចតបាន ក្រុមហ៊ុនកំពុងតែជំរុញសាងសង់ស្ថានីយអ្នកដំណើរ គ្រោងបញ្ចប់នៅចុងឆ្នាំ២០២២ ។ ខេត្តមានផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញមកខេត្តព្រះសីហនុ សម្រេចការសាងសង់បានជាង ៣០ភាគរយ គ្រោងនឹងបញ្ចប់នៅខែតុលា ឆ្នាំ២០២២ ។ ខេត្តមានផ្លូវដែកតភ្ជាប់ទៅកាន់រាជធានីភ្នំពេញ ក្នុងការដឹកជញ្ជូនទំនិញ និងអ្នកដំណើរ ក៏ប៉ុន្តែវាមិនទាន់ឆ្លើយតបតាមតម្រូវការនៃការអភិវឌ្ឍរបស់កម្ពុជា។
ឯកឧត្តមសង្ឃឹមថា លោកប្រធានការិយាល័យកុងស៊ុលចិន នឹងជួយរកដៃគូរជាជំនួយបច្ចេកទេស ដើម្បីជំរុញការអភិវឌ្ឍផ្លូវដែកនៅកម្ពុជា ព្រោះផ្លូវដែកនៅប្រទេសចិនឈរលំដាប់លេខ១ ម្យ៉ាងទៀតការដឹកជញ្ជូនតាមផ្លូវដែកមានតម្លៃទាប កាត់បន្ថយគ្រោះថ្នាក់ និងការខូចខាតផ្លូវជាដើម ផ្លូវដែក ក៏បានចូលរួមចំណែកបង្កើនកំណើនសេដ្ឋកិច្ចនៅកម្ពុជាផងដែរ ។
ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើឱ្យលោកប្រធានតំណាងការិយាល័យកុងស៊ុលចិន ជួយសម្របសម្រួលនិងជំរុញកិច្ចសហប្រតិបត្តិការដូចខាងក្រោម៖
-ពន្លឿនការនាំយកម៉ាស៊ីនវិភាគរកមេរោគ កូវីដ-១៩ មកកាន់ខេត្តព្រះសីហនុ ព្រោះយើងកំពុងជម្រុញការសាងសង់មន្ទីរពិសោធន៍វេជ្ជសាស្ត្រនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ឱ្យបានឆាប់រួចរាល់។ សព្វថ្ងៃយើងបានយកសំណាកទៅវិភាគនៅរាជធានីភ្នំពេញ វាជួបហានិភ័យច្រើន និងខាតពេលវេលា។
-ជួយជំរុញទីក្រុងសិនជិន ប្រទេសចិន ក្នុងការរៀបចំប្លង់គោលខេត្តព្រះសីហនុ និងជួយសម្របសម្រួលការបណ្តុះបណ្តាលធនធានមនុស្សក្នុងការធ្វើផែនការបានទៅសិក្សានៅទីក្រុងសិនជិន។
-ជួយជំរុញសិក្សាអាងប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ ។
-សូមរដ្ឋាភិបាលចិនបន្តជួយគាំទ្រការសាងសង់មន្ទីរពេទ្យនៅខេត្តព្រះសីហនុ ដែលមានមន្ត្រីជំនាញបច្ចេកបទេសចុះមកធ្វើការសិក្សាកន្លងមក ព្រោះវាមានអត្ថប្រយោជន៍ និងគុណតម្លៃដល់ប្រជាពលរដ្ឋ និងអ្នកវិនិយោគនៅខេត្តព្រះសីហនុ ។
លោក ជាំង វ៉ៃ JIANG WEI ប្រធានតំណាងការិយាល័យកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ មានប្រសាសន៍ថាខេត្តព្រះសីហនុ ជាខេត្តគំរូដែលមានសក្តានុពលជាងខេត្តផ្សេងៗទៀត និងជាខេត្តបងប្អូនល្អជាមួយប្រទេសចិន តាងនាមខ្ញុំតំណាងប្រទេសចិន និងប្រជាជនចិន នឹងបន្តកិច្ចសហការឱ្យទទួលបានជោគជ័យ។ លោកបានឃើញខេត្តព្រះសីហនុ មានការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធយ៉ាងលឿន ដោយសារស្ថានភាពនយោបាយ ការសហការល្អរវាងប្រទេសទាំងពីរ ទោះបីពេលវេលាដ៏លំបាកដោយសារជំងឺកូវីដ-១៩ ក៏យើងនៅតែបន្តកិច្ចសហប្រតិបត្តិការល្អ ហើយថ្មីៗនេះប្រទេសចិន ក៏បានផ្តល់ជំនួយវ៉ាក់សាំងកូវីដ-១៩ មកកម្ពុជាផងដែរ។
ក្នុងឱកាសនោះ លោកបានបន្តថា ប្រទេសចិនគាំទ្រពេញទំហឹងដល់ខេត្តព្រះសីហនុ និងកិច្ចសហប្រតិបត្តិការក្នុងការជួយជំរុញការសាងសង់មន្ទីរពេទ្យនៅខេត្តព្រះសីហនុ ក៏ដូចជាម៉ាស៊ីនវិភាគជំងឺរកមេរោគកូវីដ-១៩ ទន្ទឹមនោះយើងត្រូវពង្រីកវប្បធម៌ អរិយធម៌ ពិសេសការទំនាក់ទំនងរវាងប្រជាជន និងប្រជាជនទាំងពីរ គាំទ្រភាពជាបងប្អូន និងបន្តជំរុញអ្នកវិនិយោគចិនមកខេត្តព្រះសីហនុ ដើម្បីកំណើនការងារសម្រាប់ប្រជាជនខេត្តព្រះសីហនុ និងសន្យាគាំទ្រការបណ្តុះបណ្តាលភាសាចិននៅខេត្តព្រះសីហនុផងដែរ៕