Home / ព័ត៌មានទូទៅ / ឯកឧត្តម គួច ចំរើនបានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរស្រុក ពិនិត្យសង្វាក់ផលិតកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចេ ជាង ស្ថិតនៅឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

ឯកឧត្តម គួច ចំរើនបានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរស្រុក ពិនិត្យសង្វាក់ផលិតកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចេ ជាង ស្ថិតនៅឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

រសៀលថ្ងៃពុធ ៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរស្រុក ពិនិត្យសង្វាក់ផលិតកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចេ ជាង ស្ថិតនៅឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
តំបន់សេដ្ឋកិច្ចពិសេស ចេ ជាង មានផ្ទៃដីទំហំ ១៣០ហិកតា មានរោងចក្រសរុបចំនួន ៣៨ ក្នុងនោះ ២៨ កំពុងដំណើការមានដូចជារោងចក្រផលិតចំណីសត្វ រោងចក្រ

ផលិតថង់ផ្លាស្ទិក និងរោងចក្រផលិតគ្រឿងសង្ហារឹមជាដើម។ ដោយឡែកក្រុមហ៊ុន អាយ តាវ ផេតសឹបផ្លាយ (ខេមបូឌា) មានអគារចំនួន១៧ កំពុងដំណើរការផលិតចំណីសត្វសុនខ នាំទៅអឺរ៉ុប អាមេរិក និងជប៉ុន ដោយក្នុងមួយថ្ងៃរោងចក្រផលិតបាន ៣០តោន និងប្រើប្រាស់កម្មករ ១,២០០នាក់ ដោយឡែកវត្ថុធាតុដើមនាំចូលមកពីប្រទេសអូស្ត្រាលី។ រីឯរោងចក្រផលិតថង់ប្លាស្ទិក ហ័រ កាង ផេកខេកជីង តិចណូឡូជី មាន ៤អគារ មានកម្មករប្រមាណ ៥០០នាក់ ផលិតបាន២០តោន ក្នុងមួយថ្ងៃ ហើយថង់ប្លាស្ទិកទាំងនេះ គឺនាំចេញទៅអ៉ឺរ៉ុប។
ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន ក៏បានទៅពិនិត្យទំនប់ទឹកស្អាត និងអាងប្រព្រឹត្តកម្ម (ទឹកកខ្វក់) របស់តំបន់សេដ្ឋកិច្ចពិសេស ចេ ជាង ផងដែរ។ សូមបញ្ជាក់ថាអាងប្រព្រឹត្តកម្ម (ទឹកកខ្វក់) របស់តំបន់សេដ្ឋកិច្ចពិសេស ចេ ជាង គឺបានធ្វើឡើងស្របតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ និងមានសមត្ថភាពច្រោះទឹកកខ្វក់បានល្អមុននឹងធ្វើការបង្ហូរចេញ ដែលបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់លើការថែរក្សាបរិស្ថាន និងផលប៉ះពាល់ផ្សេងៗ៕