Home / ព័ត៌មានទូទៅ / ការចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនដល់ប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង

ការចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនដល់ប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង

នៅព្រឹកថ្ងៃសៅរ៍ ១កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្ដម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អនុប្រធានកិត្តិយសសាខា ឯកឧត្តម លោកជំទាវ លោកឧកញ៉ា សមាជិក សមាជិកា គណៈកម្មាធិការសាខា សមាជិក សមាជិកា គណៈកម្មាធិការអនុសាខាក្រុងព្រះសីហនុ ក្រុមប្រតិបត្តិសាខា អនុសាខា អ្នកស្ម័គ្រចិត្ត បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនដល់ប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង សរុបចំនួន ១១៣​ គ្រួសារ មកពីក្រុមទី១០ និងក្រុមទី១១ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ឯកឧត្ដម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានពាំនាំនូវប្រសាសន៍របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដាំផ្ញើសាកសួរសុខទុក្ខជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក និងតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។
ក្នុងឱកាសនោះឯកឧត្តមប្រធានគណៈកម្មាធិការសាខាក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ជំនន់ទឹកភ្លៀងទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពាក់ព័ន្ធនឹងចរន្តអគ្គីសនី សត្វអសិរពិស ជាពិសេសស្រ្តី និងកូនក្មេង។
សូមបញ្ជាក់ថាអំណោយដែលផ្តល់ជូនក្នុង១គ្រួសារទទួលបាន៖ អង្គរ២៥គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង ទឹកស៊ីអ៊ីវ ១យួរ ឃីត ១ (ភួយ១ មុង១ ក្រមា១ សារុង១) និងថវិកា ៥ម៉ឺនរៀល ក្នុងនោះដែរលោកឧកញ៉ា អ៊ូ ឆាយ អនុប្រធានកិត្តិយសសាខា និងលោកជំទាវ បន្ថែមក្នុងមួយគ្រួសារ ៨ម៉ឺនរៀល និងអ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រះសីហនុ មួយគ្រួសារ ៥ម៉ឺនរៀលផងដែរ៕