Home / ព័ត៌មានទូទៅ / លោកអភិបាលខេត្តអនុញ្ញាតិឱ្យលោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តដឹកនាំក្រុមយុវជនស្ម័គ្រចិត្ត ៣ ក្រុម ចូលជួបនិងសុំការណែនាំ

លោកអភិបាលខេត្តអនុញ្ញាតិឱ្យលោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តដឹកនាំក្រុមយុវជនស្ម័គ្រចិត្ត ៣ ក្រុម ចូលជួបនិងសុំការណែនាំ

ព្រឹកថ្ងៃសុក្រ ៨កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតិឱ្យលោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ ដឹកនាំក្រុមយុវជនស្ម័គ្រចិត្ត ៣ ក្រុម ចូលជួបនិងសុំការណែនាំ ដោយមានការចូលរួមពីលោកស្រីអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុងព្រះសីហនុ និងប្រធានមន្ទីរ អង្គភាពផងដែរ ។

លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ បានជំរាបជូនឯកឧត្តមអភិបាលខេត្តជ្រាបពីគោលបំណងរបស់ក្រុមយុវជនស្ម័គ្រចិត្តទាំង ៣ក្រុម ដែលបានលើកប្រធានបទដូចខាងក្រោម
១.សុខាភិបាល លើប្រធានបទ សហគមន៍ខ្ញុំពោពេញទៅដោយសមត្ថភាព។
២.កសិកម្ម ប្រធានបទបណ្តុះបណ្តាលបែបប្រពៃណី។
៣.បរិស្ថាន ប្រធានបទទីក្រុងស្អាត បរិស្ថានស្អាត សេវាល្អ ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងការកោតសសើរនិងវាយតម្លៃស្មារតីនៃក្រុមយុវជនស្ម័គ្រចិត្ត ក៍ដូចជាមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ ដែលបានលើកគម្រោងផែនការសកម្មភាពរៀងៗខ្លួនដឹកនាំធ្វើសកម្មភាពលើប្រធានបទខាងលើ។ រដ្ឋបាលខេត្តសូមគាំទ្រគម្រោងនៃការរៀបចំផែនការសកម្មភាព និងការចុះធ្វើសកម្មភាពជាក់ស្តែងក្នុងសង្គម។ដោយកិច្ចការងារនេះគឺជាគម្រោងផែនការសមស្របច្រើនតែនៅមានចំណុចខ្វះខាតត្រូវធ្វើការកែលម្អ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋក្នុងសហគមន៍យល់ដឹងនិងចូលរួមក្នុងសកម្មភាពគឺជាកត្តាសំខាន់។ក្នុងនោះយុវជនជាកម្លាំងស្នូលក្នុងការចូលរួមកសាង និងអភិវឌ្ឍន៍សង្គមជាតិ ។
ក្នុងឱកាសនោះឯកឧត្ដមអភិបាលខេត្តក៍បានឧបត្ថម្ភថវិកាដល់យុវជនទាំង ៣ក្រុម ក្នុងមួយក្រុមទទួលបានថវិកា ២លានរៀល ដើម្បីយកទៅអនុវត្តផែនការសកម្មភាពរបស់ខ្លួនឱ្យបានជោគជ័យ៕