Home / ព័ត៌មានទូទៅ / កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវ ៣៤ខ្សែក្នុងក្រុងព្រះសីហនុ

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវ ៣៤ខ្សែក្នុងក្រុងព្រះសីហនុ

ព្រឹកថ្ងៃចន្ទ ៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវ ៣៤ខ្សែក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោក អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុងព្រះសីហនុ មន្ទីរ អង្គភាព និងក្រុមហ៊ុនសាងសង់ផ្លូវផងដែរ។

លោក ហូ ចាន់ថា ប្រធានសម្របសម្រួលគម្រោងគណ:កម្មាការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ( គ.អ.ឆ.ក) បានបញ្ជាក់ថា វឌ្ឍនភាពនៃការស្ថាបនាផ្លូវបេតុង ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ សម្រេចបាន ៩៩,៩២ភាគរយ។ ការងារលូទឹកភ្លៀង និងលូទឹកកខ្វក់សម្រេចបាន ១០០ភាគ រយ។ ចិញ្ចើមផ្លូវមានខឿនថ្មក្រានីត សម្រេចបាន ៨៣.៤៥ ភាគរយ និងកម្រាលថ្មក្រានីតសម្រេចបាន ២៤ភាគរយ។ ការងារដាំបង្គោលភ្លើងបំភ្លឺផ្លូវសម្រេចបាន ៦៤ភាគរយ និងបំពាក់អំពូលភ្លើងបានជាង ៥៣ភាគរយ។ ការងារដាំដើមឈើនៅអមសងខាងផ្លូវសម្រេចបាន ៣២ភាគរយ។ ការងារបំពាក់កាំម៉ារ៉ាសុវត្ថិភាពសម្រេច ១០ភាគរយ។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបូកសរុបដោយគូសបញ្ជាក់ថា បង្កើតក្រុមការងារតាមមន្ទីរ អង្គភាពជំនាញចុះធ្វើការដកស្រង់បទពិសោធន៍ជាមួយក្រុមការងារគណ:កម្មាការជាតិអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងក្រុមការងារនានាក្នុងក្រុងព្រះសីហនុ។ ក្នុងនោះឯកឧត្តមអភិបាលបានធ្វើការណែនាំដល់ក្រុមការងារធ្វើលិខិតជូនដំណឹងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលមានលំនៅឋាននៅតាមដងផ្លូវ ៣៤ខ្សែ ដើម្បីភ្ជាប់ប្រព័ន្ធលូរណប (លូទឹកកខ្វក់ និងលូទឹកភ្លៀង) និងនីតិវិធីនៃការចូលរួមបង់ថវិកាភ្ជាប់ប្រពន្ធលូរណប ដើម្បីឱ្យក្រុម ការងារស្ថាបនាផ្លូវតភ្ជាប់បណ្តាញលូរណបបានលឿន ធានាដល់បរិស្ថាន និងសោភ័ណភាពក្រុងព្រះសីហនុ ៕