Home / ព័ត៌មានទូទៅ / កិច្ចប្រជុំដើម្បីត្រៀមរៀបចំផែនការការពារសុខសុវត្ថិភាពជូនភ្ញៀវទេសចរណ៍ ក្នុងកំឡុងពេលថ្ងៃឈប់សម្រាកសងថ្ងៃចូលឆ្នាំថ្មី

កិច្ចប្រជុំដើម្បីត្រៀមរៀបចំផែនការការពារសុខសុវត្ថិភាពជូនភ្ញៀវទេសចរណ៍ ក្នុងកំឡុងពេលថ្ងៃឈប់សម្រាកសងថ្ងៃចូលឆ្នាំថ្មី

ព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីត្រៀមរៀបចំផែនការការពារសុខសុវត្ថិភាពជូនភ្ញៀវទេសចរណ៍ ក្នុងកំឡុងពេលថ្ងៃឈប់សម្រាកសងថ្ងៃចូលឆ្នាំថ្មី នាពេលខាងមុខ ដែលកិច្ចប្រជុំដឹកនាំដោយ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសមាសភាពគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តផងដែរ។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានចាត់ឱ្យរដ្ឋបាលក្រុង-ស្រុក និងអង្គភាពទាំងអស់ ពង្រឹងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ការគ្រប់គ្រងចរាចរណ៍ ការផ្សព្វផ្សាយអំពីតម្លៃម្ហូបអាហារ ការស្នាក់នៅ ការត្រៀមបង្ការគ្រោះមហន្តរាយ និងវិធានការការពារការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសការរក្សាគម្លាតសុវត្ថិភាពជាដើម។ ឯកឧត្តមអភិបាលខេត្ត ក៏បានដាក់បទបញ្ជាដល់រដ្ឋបាលក្រុង-ស្រុកទាំងអស់ ត្រូវដាក់បន្ថែមនូវបង្គន់ចល័ត ធុងសំរាម និងកម្លាំងការពារសន្តិសុខ នៅគ្រប់ទីកន្លែងកម្សាន្ត និងរមណីយដ្ឋាននានា ជាពិសេសតាមតំបន់ឆ្នេរ ត្រូវដាក់ក្រុមសង្គ្រោះឬឆ្មាំសមុទ្រតាមតំបន់ឆ្នេរ មានក្រុមម៉ូតូទឹក អូរប័រល្បឿនលឿន និងផ្សព្វផ្សាយពីអាកាសធាតុជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។