Home / ព័ត៌មានទូទៅ / ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម គួច ចំរើន

ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម គួច ចំរើន

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែ ស្រាពណ៍ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម MIKAMI MASAHIRO ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្ត ព្រះសីហនុ ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលជប៉ុន ដែលបានគាំទ្រការអភិវឌ្ឍនៅកម្ពុជា ជាពិសេសនៅក្នុងទឹកដីនៃខេត្តព្រះសីហនុ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បន្តថា ខេត្តព្រះសីហនុជាខេត្តទេសចរណ៍ ហើយការអភិវឌ្ឍន៍ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឱ្យខេត្តព្រះសីហនុក្លាយជាតំបន់សេដ្ឋកិច្ចពហុបំណង ដែលមានវិស័យសំខាន់ៗដូចជា វិស័យសំណង់ ឧស្សាហកម្ម ពាណិជ្ជកម្ម ដឹកជញ្ជូន និងទេសចរណ៍។ ខេត្តមានកំពង់ផែអន្តរជាតិទឹកជ្រៅ ព្រលានយន្តហោះអន្តរជាតិ ផ្លូវដែក និងផ្លូវគោកជាដើម។
ឯកឧត្តមបន្តទៀតថា តាមលទ្ធភាពឆ្នាំនេះរដ្ឋបាលខេត្តមាន គម្រោងស្តារប្រព័ន្ធអូរ ប្រឡាយក្នុងក្រុងព្រះសីហនុ ដើម្បីរំដោះជំនន់ទឹកភ្លៀង ហើយយើងក៏មានបំណងចង់ ចាក់បេតុងជើងទេតាមអូរ ប្រឡាយ តែមិនទាន់មានថវិកាគ្រប់គ្រាន់។
ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្តក៏បានស្នើសុំដល់ឯកឧត្តមអគ្គរាជទូតជប៉ុន ជួយគាំទ្រគម្រោងសាងសង់កំពង់ផែទេសចរណ៍នៅក្នុងក្រុងព្រះសីហនុ និងជួយសាងសង់មណ្ឌលសុខភាពនៅរាម និងនៅកោះរ៉ុង តាមរយៈកម្មវិធីជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុនផងដែរ។
ឯកឧត្តអភិបាលខេត្តបានបញ្ជាក់ថា ខេត្តព្រះសីហនុមានសក្តានុពលលើគ្រប់វិស័យ ក៏ប៉ុន្តែមិនទាន់ទំនើប ក្នុងនោះរាជរដ្ឋាភិបាល បានសាងសង់ផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញ មកខេត្តព្រះសីហនុ ផ្តល់ភាពអនុគ្រោះដល់វិស័យទេសចរណ៍ និងវិនិយោគនៅពេលខាងមុខផងដែរ។
ឯកឧត្តម MIKAMI MASAHIRO ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា នេះជាលើកទីពីរហើយ ដែលឯកឧត្តមមកទស្សនកិច្ចនៅខេត្តព្រះសីហនុ បន្ទាប់ពីឯកឧត្តមបានឡើងកាន់តំណែងជាឯកអគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។ កាលពីរឆ្នាំមុន ឯកឧត្តម ក៏បានមកភ្នំពេញចូលរួមកិច្ចប្រជុំអាស៊ាន ហើយមកដល់បច្ចុប្បន្ន កម្ពុជាមានការអភិវឌ្ឍន៍យ៉ាងខ្លាំង និយាយរួមគឺខេត្តព្រះសីហនុ តែម្តងចាប់តាំងពីឯកឧត្តម គួច ចំរើន បានឡើងជាអភិបាលខេត្តព្រះសីហនុនេះមក។ ខេត្តព្រះសីហនុមានការអភិវឌ្ឍន៍យ៉ាងកំហុក ថ្វីត្បិតតែពិភពលោកកំពុងមាន ជំងឺកូវីដ-១៩ ឆ្លងរីករាលដាលយ៉ាងណាក៏ដោយចុះ។
ឯកឧត្តម MIKAMI MASAHIRO បានបន្តទៀតថាកម្ពុជាឆ្លងកាត់សង្គ្រាមជាច្រើនឆ្នាំ មកដល់ពេលនេះសម្រេចបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ ពិសេស ខេត្តព្រះសីហនុ មានអគារខ្ពស់ៗជាច្រើនកន្លែងកំពុងមានការអភិវឌ្ឍន៍ខ្លាំងគួរឱ្យចាប់អារម្មណ៍ មានកំពង់ផែ ដែលមានសក្តានុពលអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យមានការីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ។ រាជរដ្ឋាភិបាលជប៉ុន មានកិច្ចសហប្រតិបត្តិការល្អ ពិសេសជាមួយកម្ពុជា និងប្រជាជនជប៉ុន ដែលមករកស៊ីនៅខេត្តព្រះសីហនុ រងគ្រោះដោយសារការរលំបាក់អគារកាលពីកន្លងមក ហើយរដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ដោះស្រាយបានទាន់ពេលវេលា។
ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន ចង់ដឹងពីការអភិវឌ្ឍខេត្ត លើបញ្ហាផ្លូវទឹក ប្រព័ន្ធលូ ទឹកស្អុយ ភ្លើងបំភ្លឺផ្លូវ និង មានគម្រោងអភិវឌ្ឍន៍ខេត្តបែបណា ហើយឯកឧត្តមឯកអគ្គរាជទូតជប៉ុន បានថ្លែងអំណរគុណ រដ្ឋបាលខេត្តដែលបានសហការ សម្របសម្រួលក្នុងការចូលចតរបស់នាវាកងទ័ពជើងទឹកជប៉ុន នៅខេត្តព្រះសីហនុ ដែលគ្រោងនៅខែសីហា តែនាវានេះអាក់ខានមិនបានចូលចតនោះទេ ដោយសារមានជំងឺកូវីដ-១៩ កំពុងឆ្លងរាលដាលខ្លាំង នៅពាសពេញពិភពលោក តែទោះជាយ៉ាងណាក៏ដោយ នៅពេលខាងមុខនឹងមាននាវាជាច្រើនទៀតចូលចតនៅកំពង់ផែក្រុងព្រះសីហនុ។ ឯកឧត្តម ក៏បានសន្យាជួយផ្សព្វផ្សាយពីសក្តានុពលខេត្តព្រះសីហនុ ដល់ប្រជាជនជប៉ុន ដើម្បីស្វែងឱកាសវិនិយោគ និងដើរទេសចរណ៍កំសាន្ត នៅក្នុងខេត្តដែលមានសក្តានុពលខាងវិស័យទេសចរណ៍ជាប់ឆ្នេរសមុទ្រមួយនេះ។